អំឡុងវិបត្តិកូវីដ១៩ សេដ្ឋកិច្ចចិនស្ទុះងើប ខណៈប្រទេសដទៃទៀតធ្លាក់ចុះ

ការនាំចេញរបស់ចិនបានកើនឡើងក្នុងឆ្នាំ ២០២០ ទោះបីមានសម្ពាធពីមេរោគកូរ៉ូណានិងសង្គ្រាមពន្ធជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដោយរុញឱ្យចិនឥឡូវមានអតិរេកពាណិជ្ជកម្មរហូតដល់ ៥៣៥ ពាន់លានដុល្លារ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃព្រហស្បតិ៍ទី១៤មករា។

ទិន្នន័យគយបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញបានកើនឡើង ៣,៦ ភាគរយក្នុងឆ្នាំ ២០១៩ ស្មើនឹង ២,៦ លានលានដុល្លារ ដែលជាការកើនឡើង ០,៥ ភាគរយប្រចាំឆ្នាំ។ ការនាំចូលបានធ្លាក់ចុះ ១,១ ភាគរយមកនៅត្រឹមជាង ២ លានលានដុល្លារ ប៉ុន្តែកំណើនសេដ្ឋកិច្ចកើនឡើងខ្លាំងនៅឆមាសទីពីរបន្ទាប់ពីចិនបានក្លាយជាប្រទេសសេដ្ឋកិច្ចធំដំបូងគេដែលងើបឡើងវិញអំឡុងពេលផ្ទុះជំងឺរាតត្បាតខណៈសេដ្ឋកិច្ចប្រទេសដទៃទៀតដាំក្បាលចុះ។

ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ៧,៩ ភាគរយក្នុងឆ្នាំ ២០១៩ ស្មើនឹង ៤៥,២ ពាន់លានដុល្លារទោះបីមានការដំឡើងពន្ធលើទំនិញចិនភាគច្រើនដោយរដ្ឋបាលត្រាំក្នុងជម្លោះជាមួយប៉េកាំងជុំវិញបច្ចេកវិជ្ជានិងសន្តិសុខក៏ដោយ។ ការនាំចូលទំនិញពីសហរដ្ឋអាមេរិកបានកើនឡើង ៩,៨ ភាគរយស្មើនឹង ១៣,៥ ពាន់លានដុល្លារ ដែលជំរុញដោយការសន្យារបស់ប៉េកាំង ជាផ្នែកមួយនៃការបញ្ឈប់ជម្លោះ ដើម្បីទិញសណ្តែកសៀង ឧស្ម័នធម្មជាតិ និង ការនាំចេញផ្សេងៗបន្ថែមទៀតរបស់អាមេរិក។

អ្នកនាំចេញរបស់ចិនបានទទួលអត្ថប្រយោជន៍ពីការឆាប់បើកឡើងវិញនូវសេដ្ឋកិច្ចរបស់ខ្លួននិងតម្រូវការម៉ាស់និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រដែលផលិតនៅចិន។

អ្នកនាំចេញបានដណ្តើមចំណែកទីផ្សារពីដៃគូប្រកួតប្រជែងបរទេសដែលនៅកំពុងប្រឈមនឹងការទប់ស្កាត់មេរោគកូរ៉ូណា ប៉ុន្តែប្រៀបឈ្នះនេះត្រូវគេរំពឹងថានឹងថមថយនៅពេលវ៉ាក់សាំងការពារត្រូវបានចាក់ទូលំទូលាយហើយសេដ្ឋកិច្ចផ្សេងទៀតនឹងវិលមករកភាពប្រក្រតីវិញ។ តម្រូវការសម្រាប់គ្រឿងបរិក្ខារវេជ្ជសាស្រ្តក៏នឹងថមថយផងដែរ៕

adverise with khmeread