លោក Gary Lineker បានចាត់ទុក Wayne Rooney គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមបំផុត បន្ទាប់ពីកីឡាកររូបនេះបានសម្រេចលាលែងពីអាជីពលេងបាល់ទាត់ បន្ទាប់ពីត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Derby ជាអចិន្ត្រៃយ៍។
Wayne Rooney វ័យ៣៥ឆ្នាំបានចុះកិច្ចព្រមព្រៀងពីរឆ្នាំកន្លះ ដឹកនាំក្រុម Derby ដែលបច្ចុប្បន្នស្ថិតនៅតំបន់កាត់ចេញក្នុងក្របខណ្ឌ Championship រហូតដល់រដូវក្តៅឆ្នាំ២០២៣។
ប៉ុន្តែដើម្បីផ្តោតការយកចិត្តពេញលេញលើការងារដឹកនាំ Wayne Rooney បានសម្រេចបញ្ចប់អាជីពលើទីលានរយៈពេល១៩ឆ្នាំ ដោយបិទបញ្ចប់អាជីពដ៏ត្រចះត្រចង់ ដែលកីឡាកររូបនេះធ្លាប់ជាប់ជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសនិងធ្លាប់លើកពានធំៗច្រើនទៀតជាមួយក្លឹប Manchester United ផងដែរ ។
លោក Lineker បាននិយាយថា “វាមិនមែនជារឿងងាយស្រួលសម្រាប់កីឡាករគ្រប់រូប ប៉ុន្តែ Rooney ពិតជារីករាយជាមួយនឹងអាជីពដ៏អស្ចារ្យនៅលើទីលានប្រកួត ហើយសង្ឃឹមថា គាត់នឹងទទួលបានជោគជ័យនៅក្រៅទីលានផងដែរ”។
ចំណែក Rio Ferdinand អតីតមិត្តរួមក្រុម United ជាមួយ Rooney ដែរបានបង្ហោះវីដេអូ នៅលើទ្វីតធើកោតសរសើរថា “ក្មេងម្នាក់នេះពិតជាមានអនាគតអស្ចារ្យមែន។ ខ្ញុំបានឃើញផ្ទាល់ភ្នែកកាលគាត់នៅវ័យ១៦ឬ១៧ឆ្នាំ ហើយខ្ញុំចាំបានថា បន្ទាប់ពីបញ្ចប់ការប្រកួតជាមួយក្រុមជម្រើសជាតិអង់គ្លេស ខ្ញុំបានប្រាប់ឪពុកម្តាយគាត់ថា ត្រូវធ្វើឲ្យប្រាកដថា គាត់ចុះកិច្ចសន្យាលេងជាមួយក្លឹប Manchester United “៕
