ការសិក្សា ៖ លេបថ្នាំអាស្ពៀរីនមួយគ្រាប់រាល់ថ្ងៃជួយជំរុញឱកាសផ្តួលជំងឺមហារីកសុដន់និងមហារីកផ្លោកនោម

ការសិក្សាស្រាវជ្រាវថ្មីមួយបានអះអាងថាការលេបថ្នាំអាស្ពៀរីនមួយគ្រាប់រាល់ថ្ងៃជួយបន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺមហារីកសុដន់ឬមហារីកប្លោកនោមរហូតដល់មួយភាគបី។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១៥មករា២០២១។

"ថ្នាំអច្ឆរិយៈនេះ" ត្រូវបានជនជាតិអង់គ្លេសរាប់លានលេបរួចទៅហើយដើម្បីការពារប្រឆាំងនឹងជំងឺបេះដូង។

ឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ថ្នាំអាស្ពៀរីនក៏អាចធ្វើឱ្យប្រសើរឡើងនូវអត្រារស់រានមានជីវិតសម្រាប់អ្នកជំងឺមហារីកមួយចំនួនផងដែរ រួមទាំងមហារីកប្លោកនោមនិងមហារីកសុដន់។

ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវនេះ ក្រុមអ្នកស្រាវជ្រាវបានអំពាវនាវឱ្យមានភស្តុតាងផ្អែកលើចំនួនប្រជាជនច្រើនថែមទៀតដើម្បីបង្ហាញពីឥទ្ធិពលការពារដ៏មានសក្តានុពលនៃថ្នាំអាស្ពៀរីន។

លោកវេជ្ជបណ្ឌិត Holli Loomans-Kropp ជាអ្នកនិពន្ធការសិក្សានេះមកពីវិទ្យាស្ថានមហារីកជាតិក្នុងសហរដ្ឋអាមេរិក និយាយថា "លទ្ធផលនេះបានបន្ថែមលើភស្តុតាងច្រើនឡើងដែលថា អាស្ពៀរីនអាចជំរុញឱកាសរស់សម្រាប់អ្នកជំងឺមហារីកមួយចំនួន"។

លោកបន្តថា "ទោះបីការស្រាវជ្រាវមុនផ្តោតសំខាន់ខ្លាំងទៅលើមហារីកក្រពះពោះវៀន ប៉ុន្តែការវិភាគរបស់យើងឥឡូវបានពង្រីកដល់គុណសម្បត្តិដទៃទៀត ដូចជាមហារីកផ្លោកនោមនិងមហារីកសុដន់"។

មនុស្សរាប់លាននាក់លើពិភពលោកបានជ្រើសយកថ្នាំអាស្ពៀរីនលេបប្រចាំថ្ងៃដើម្បីការពារប្រឆាំងនឹងជំងឺបេះដូង។ ថ្នាំនេះជួយពង្រាវឈាម ដោយកាត់បន្ថយហានិភ័យនៃការកកស្ទះឈាមនៅក្នុងសរសៃ៕ ប្រភព ៖ Daily Mail 

adverise with khmeread