ការសិក្សាមួយបានអះអាងថា សត្វស្វាម៉ាកេ ដែលរស់នៅឯប្រាសាទអ៊ូលូវ៉ាទូក្នុងប្រទេសឥណ្ឌូនេស៊ីមានចេតនាលួចយករបស់របរពីភ្ញៀវទេសចរហើយប្រើវាជាថ្នូរដើម្បីទទួលបានអាហារ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១៥មករា២០២១។
ឥរិយាបថមិនធ្លាប់មានពីមុនមកនេះត្រូវបានអង្កេតដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Lethbridge ក្នុងប្រទេសកាណាដា។
ពួកគេក៏បានកត់សម្គាល់ឃើញដែរថាសត្វស្វាចាស់ៗនិងមានបទពិសោធន៍ច្រើនបានតម្រង់ទិសដៅលួចវត្ថុមានតម្លៃខ្ពស់ដូចជាទូរស័ព្ទហើយត្រូវការអាហារកាន់តែច្រើនសម្រាប់ជាថ្នូរ។
ក្រុមអ្នកស្រាវជ្រាវបានសង្កេតមើលកំណត់ត្រាវីដេអូសត្វស្វានៅពេលភ្ញៀវទេសចរចូលទៅជិតពួកវានៅឯទីសក្ការៈហិណ្ឌូមួយនេះនៅចន្លោះឆ្នាំ ២០១៥ និង ២០១៦ ។
កំណត់ត្រាវីដេអូនេះបានបង្ហាញថាសត្វស្វានឹងកញ្ឆក់យករបស់របរពីមនុស្ស ហើយរង់ចាំមនុស្សផ្តល់អាហារដល់ពួកវាទើបប្រគល់របស់ឱ្យវិញ។
សត្វស្វានឹងប្រគល់របស់របរនោះឱ្យវិញ បន្ទាប់ពីទទួលថ្នូរដែលវាចាត់ទុកថាគ្រប់គ្រាន់និងជាការដោះដូរដោយយុត្តិធម៌។
អ្នកស្រាវជ្រាវនិយាយថា សត្វស្វាចាស់ៗដឹងច្បាស់ថារបស់របរណាមានតម្លៃខ្ពស់បំផុតសម្រាប់មនុស្ស ហើយមានចេតនាកញ្ឆក់យករបស់មានតម្លៃនោះ៕
