ប៉ូលិសថៃម្នាក់ត្រូវបានបញ្ឈរជើងក្រោយចាប់រំលោភស្ត្រីសង្ស័យជួញដូរគ្រឿងញៀនជនជាតិមីយ៉ាន់ម៉ាអាយុ២១ឆ្នាំ

មន្រ្តីប៉ូលិសម្នាក់នៅខេត្តស៊ូរ៉ាតថានីត្រូវបានបញ្ឈរជើងពីការងារពីបទរំលោភសេពសន្ថវៈលើជនសង្ស័យគ្រឿងញៀនជនជាតិមីយ៉ាន់ម៉ាម្នាក់នៅឯប៉ុស្តិ៍ប៉ូលិសមួយ។ នេះយោងតាមវេបសាយ Asiaone ផ្សាយកាលពីថ្ងៃអាទិត្យទី១៧មករា។

មន្រ្តីប៉ូលិសរូបនោះគឺជាមេដឹកនាំក្រុមស៊ើបអង្កេតមួយនៅឯប៉ុស្តិ៍ប៉ូលិសបូពុតក្នុងស្រុកកោះសាមុយនៃខេត្តស៊ូរ៉ាតថានី។

ស្នងការប៉ូលិសខេត្តស៊ូរ៉ាតថានី លោកឧត្តមសេនីយ៍ទោ Sathit Pholpinit បានចេញបទបញ្ជាជាបន្ទាន់កាលពីថ្ងៃទី ១៣ ខែមករាដើម្បីបញ្ឈរជើងមន្រ្តីនោះ ហើយបានចាត់តាំងគណៈកម្មាធិការវិន័យមួយដើម្បីស៊ើបអង្កេតលើឧបទ្ទវហេតុនេះក្នុងរយៈពេល ៧ ថ្ងៃ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅចន្លោះម៉ោងប្រហែល ១:៥០ ព្រឹកដល់ម៉ោង ២:៣០ នាទីព្រឹកថ្ងៃទី ១៣ ខែមករានៅពេលជនសង្ស័យបាននាំខ្លួនស្ត្រីមីយ៉ាន់ម៉ាអាយុ ២១ ឆ្នាំដែលត្រូវបានឃុំខ្លួននៅឯប៉ុស្តិ៍ប៉ូបូពុតពីបទចោទប្រកាន់ជួញដូរគ្រឿងញៀនចេញពីបន្ទប់ឃុំឃាំងរបស់នាងទៅបន្ទប់ផ្សេងមួយទៀត។ បន្ទាប់ពីត្រូវបានចាប់រំលោភរួច នាងត្រូវបាននាំទៅបន្ទប់ឃុំឃាំងវិញ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានជូនដំណឹងទៅស្ថានទូតមីយ៉ាន់ម៉ា ដែលបានដាក់ពាក្យបណ្តឹងទៅលោកវរសេនីយ៍ទោ Yutthana Sirisombat ជាស្នងការប៉ូលិសបូពុត ។ លោក Yutthana បានរាយការណ៍ថាលោកបានសួរចម្លើយពលបាលត្រីរូបនោះ ដែលទទួលស្គាល់ខ្លះនិងបដិសេធខ្លះចំពោះបទឧក្រិដ្ឋនេះ។

បន្ទាប់មកមន្រ្តីរូបនេះត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើស្ត្រីមីយ៉ាន់ម៉ា ហើយពេលនេះកំពុងត្រូវបានឃុំខ្លួននៅឯតុលាការកោះសាមុយ ចំណែកជនរងគ្រោះត្រូវបាននាំទៅមន្ទីរពេទ្យកោះសាមុយដើម្បីធ្វើការពិនិត្យរាងកាយ៕ 

adverise with khmeread