លោកបាយដិនឡើងកាន់តំណែងភ្លាមនឹងលុបចោលបទបញ្ជារបស់ត្រាំចោលទាំងអស់

ព័ត៌មានលម្អិតនៃបទបញ្ជាប្រតិបត្តិដែលបានគ្រោងទុកដោយប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោកចូបាយដិនកំពុងលេចចេញជារូបរាងបណ្តើរៗហើយ នៅពេលគាត់ចូលកាន់តំណែងនៅសប្តាហ៍នេះ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថាលោកបាយនឹងចេញក្រឹត្យបញ្ច្រាស់ការហាមឃាត់ការធ្វើដំណើររបស់ប្រធានាធិបតីត្រាំ និងចូលរួមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឡើងវិញនៅថ្ងៃដំបូងរបស់លោក។

ប្រធានាធិបតីជាប់ឆ្នោតក៏ត្រូវគេរំពឹងថានឹងផ្តោតលើការជួបជុំក្រុមគ្រួសារដែលបែកគ្នានៅព្រំដែនអាមេរិក-ម៉ិកស៊ិក និងចេញសេចក្ដីណែនាំអំពីកូវីដ១៩ និងការពាក់ម៉ាស។

គាត់នឹងត្រូវស្បថកាន់តំណែងនៅថ្ងៃពុធទី២០មករា។

រដ្ឋអាមេរិកទាំង ៥០ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះអំពើហិង្សាដែលអាចកើតមានក្នុងពេលចាប់ផ្តើមពិធីសម្ភោធឡើងកាន់តំណែង ដោយមានកងឆ្មាំជាតិដាក់ពង្រាយរាប់ម៉ឺននាក់ដើម្បីការពារទីក្រុងវ៉ាស៊ីនតោន។

យោងតាមអនុស្សរណៈមួយដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិកទទួលបាន ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីលោកបាយដិនចូលមកសេតវិមាន លោកនឹងចាប់ផ្តើមសកម្មភាពប្រតិបត្តិដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីការចាកចេញទាំងស្រុងពីគោលនយោបាយរបស់រដ្ឋបាលត្រាំ។

ក្នុងចំណោមបទបញ្ជាដែលបានគ្រោងទុកភ្លាមៗបន្ទាប់ពីចូលកាន់តំណែងរួមមាន៖

* សហរដ្ឋអាមេរិកវិលត្រឡប់ទៅកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសដែលជាសន្ធិសញ្ញាសកលស្តីពីការកាត់បន្ថយការបំភាយឧស្ម័នកាបូន។
* ដកចេញនូវការហាមឃាត់ការធ្វើដំណើរដ៏ចម្រូងចម្រាសលើប្រទេសដែលមានប្រជាជនភាគច្រើនកាន់សាសនាអ៊ីស្លាម។
* ណែនាំឱ្យពាក់ម៉ាសនៅទីកន្លែងសហព័ន្ធ និង នៅពេលធ្វើដំណើរឆ្លងរដ្ឋ។
* បន្លាយពេលរឹតត្បិតទូទាំងប្រទេសលើការបណ្តេញចេញនិងការរឹបអូសទ្រព្យសម្បត្តិពីអ្នកខ្ចីលុយ ដោយសារជំងឺរាតត្បាត៕


 

adverise with khmeread