ម៉ូតូបើកសសៀរឆ្លងផ្លូវត្រូវរថយន្តបើកបុកឱ្យរបួសនៅកំណាត់ផ្លូវជាតិលេខ១

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្ត បុកជាមួយម៉ូតូបណ្តាលឱ្យមនុស្សរងរបួសម្នាក់ខូចខាត ម៉ូតូ០១គ្រឿងនិងរថយន្ត០១គ្រឿង កើតឡើងនាថ្ងៃចន្ទទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៥និង២០នាទីល្ងាច នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ចំណុចភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ដំបូងមានម៉ូតូ០១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1O-2416 បើកបរដោយឈ្មោះ គឹម សារឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្កកណ្តាល បើកសសៀរបញ្ច្រាស់ទិសដៅពីអ្នកលឿងទៅភ្នំពេញ។

លុះមកដល់ចំណុចកើតហេតុម៉ូតូ ក៏បានបើកឆ្លងកាត់ផ្លូវពីត្បូងទៅជើង ទៅបុកជាមួយរថយន្ត០១គ្រឿងម៉ាក TOYOTA PRIUS ពណ៌បៃតងខ្ចី  ប្រភេទទេសចរណ៍ ពាក់ស្លាកលេខភ្នំពេញ 2BI-9942 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង បណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់។

ចំពោះរថយន្តនិងម៉ូតូបានយកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយបន្តនីតិវិធី។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺករណីខាងលើបណ្តាលមកពីអ្នកបើកម៉ូតូធ្វេសប្រហែស ​មិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើកឆ្លងកាត់ផ្លូវ។ ឯអ្នកបើកបររថយន្តល្បឿនលឿនមិនមើលផ្លូវមានឧបសគ្គ៕

adverise with khmeread