យុវជនម្នាក់បើកម៉ូតូលឿនពេកដល់ផ្លូវកោងមិនប្រយ័ត្នបុកឡើងចិញ្ចើមផ្លូវស្លាប់ភ្លាមៗ

ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈបើកម៉ូតូលឿនពេក ដល់ផ្លូវកោងជ្រុលបុកឡើងចិញ្ចើមផ្លូវ រួចផ្ទប់បោកស៊ុមថ្មដាំដើមឈើ កើតឡើងកាលពីវេលាម៉ោង១ និង ១០ នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី១៩ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចខាងត្បូង សាលមហោស្រពចតុមុខ ប្រហែល៥០ម៉ែត្រ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ មានភិនភាគសម្បុរសល្មម អាយុប្រហែល ២០ឆ្នាំជាង  កម្ពស់ប្រហែលមួយម៉ែត្រ 60ទៅ63 ពាក់អាវយឺត ពណ៌លឿងដៃខ្លី ស្លៀកខោខៅបយ ពណ៌ខៀវ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ1IE-3585 ជិះតែម្នាក់ឯង។

ប្រភពបន្តថា ដំបូងឡើយគេឃើញយុវជនរងគ្រោះ បើកម៉ូតូតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងមកជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយសារផ្លូវកោងផង ក៏ជ្រុលឡើងលើចិញ្ចើមផ្លូវ ទៅបុកស៊ុមថ្មដាំដើមឈើ បណ្ដាលឱ្យបែកក្បាល ស្លាប់ភ្លាមៗតែម្ដង។  

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ ចំណែកសពតម្កល់នៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread