ឡិចស៊ីសបើកបុកឡង់គ្រីស័រខូចខាតព្យាយាមបើករត់តែត្រូវគេដេញចាប់បានវិញ

ភ្នំពេញ​ ៖ ​បុរសម្នាក់បើករថយន្តឡិចស៊ីស NX200t ​ស្រវឹងស្រាជ្រុលបានបើកបុករថយន្តឡង់គ្រីស័រ ដែលចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យកំពិតកាងខាងក្រោយ កើតឡើងកាលពីវេលាម៉ោង១២ និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២០​ ខែមករា​ ឆ្នាំ២០២១​ នៅចំណុចផ្លូវលេខ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា ហើយព្យាយាមបើករត់រហូតមកដល់គល់ស្ពានអាកាស៧មករា​ទើបម្ចាស់រថយន្តរងគ្រោះដេញឃាត់បាន។

តាមប្រភពពីម្ចាស់រថយន្តរងគ្រោះបានឱ្យដឹងថា​  ដំបូងគាត់បានទុករថយន្តម៉ាកឡង់គ្រឺស័រ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 2AZ-1789 នៅលើចិញ្ចើមផ្លូវខាងមុខកន្លែងគាត់ធ្វើការ។ 

លុះមកដល់វេលាកើតហេតុ ស្រាប់តែមានបុរសម្នាក់ស្រវឹងស្រាបានបើករថយន្តឡិចស៊ីស NX200t ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 2AS-1110​ បើកបរតាមបណ្តោយផ្លូវលេខ១៣៤ ​ក្នុងទិសដៅពីកើតទៅលិចហើយបានរេចង្កូតជ្រុលទៅបុករថយន្តរបស់គាត់ពីក្រោយពេញទំហឹង បណ្តាលឱ្យរងការខូចខាតកំពិតកាងខាងក្រោយ។ 

ភ្លាមនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេដោយបើករត់ចេញពីកន្លែងកើតហេតុបន្ទាប់មករូបគាត់ក៏ដេញតាម រហូតមកដល់គល់ស្ពានអាកាស៧មករា ខាងកើតផ្លូវកម្ពុជាក្រោម​ សង្កាត់ទឹកល្អកទី១​ ខណ្ឌទួលគោកទើបម្ចាស់រថយន្តឃាត់បានតែម្តង។

ក្រោយកើតហេតុម្ចាស់រថយន្តទាំងសងខាងបានសម្រួលគ្នាដោយភាគីខាងរថយន្តឡិចស៊ីស បង្កចេញសំណងចំនួន៨០០ដុល្លារទៅឱ្យរថយន្តឡង់គ្រឹស័រ រងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

adverise with khmeread