សាច់ញាតិដ៏អស់សង្ឃឹមរបស់អ្នកជំងឺកូវីដនៅក្នុងប្រទេសប្រេស៊ីលកំពុងតម្រង់ជួររង់ចាំជាច្រើនម៉ោងដើម្បីបញ្ចូលធុងអុកស៊ីសែនសម្រាប់មនុស្សជាទីស្រលាញ់របស់ពួកគេ ខណៈពេលដែលវីរុសកូរ៉ូណាបំលែងខ្លួនថ្មីកំពុងឆ្លងរាលដាលយ៉ាងលឿនពេញប្រទេសនេះ។
រដ្ឋ Amozonas បានលិចលង់ដោយករណីវីរុសបំលែងខ្លួនថ្មី និងវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យក្នុងទីក្រុង Manaus ដែលជាទីក្រុងធំបំផុតនៃតំបន់ព្រៃអាម៉ាហ្សូន កំពុងបង្ខំឱ្យសម្រេចចិត្តថាតើអ្នកជំងឺណាដែលគួរទទួលបានអុកស៊ីសែនដែលនៅសល់តិចតួច។
តាំងពីព្រឹកព្រលឹមរហូតដល់ព្រលប់ សមាជិកគ្រួសារបានតម្រង់ជួរនៅខាងក្រៅរោងចក្រអុកស៊ីសែន Carboxi ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់សើមកាលពីថ្ងៃអង្គារ។
ពួកគេបានមកដល់ដោយមានធុងបៃតងធ្ងន់ដែលត្រូវបានបំពេញដោយអុកស៊ីសែន ហើយបន្ទាប់មកក៏ប្រញាប់ត្រឡប់ទៅរកសាច់ញាតិមានជំងឺរបស់ខ្លួនវិញ ដែលដេកលើគ្រែរង់ចាំអុកស៊ីសែន។
ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro ដែលត្រូវលោកប្រធានាធិបតីប្រេស៊ីល Jair Bolsonaro រិះគន់ជាទៀងទាត់នោះ កាលពីម្សិលមិញបានបញ្ជូនរថយន្តដឹកធុងអុកស៊ីសែនជិត១១លានម៉ែត្រគូបមកជួយតំបន់នេះ។
ទោះបីជាអ្នករស់នៅរដ្ឋ Amazonas ស្វាគមន៍ការគាំទ្រនេះក៏ដោយ ក៏លោក Bolsonaro នៅតែនិយាយរិះគន់លោក Maduro ដដែល។
លោក Bolsonaro បាននិយាយកាលពីថ្ងៃចន្ទថា "ប្រសិនបើអ្នកចង់ផ្តល់អុកស៊ីសែនដល់យើង យើងនឹងទទួលវាដោយគ្មានបញ្ហា។ ប៉ុន្តែគាត់ក៏អាចផ្តល់ជំនួយបន្ទាន់ដល់ប្រជាជនរបស់គាត់ដែរមែនទេ? ប្រាក់ឈ្នួលអប្បបរមានៅទីនោះមិនអាចទិញអង្ករកន្លះគីឡូបានផង"។
ប្រទេសប្រេស៊ីលបានកត់ត្រាថាអ្នកស្លាប់ ២១០.០០០ នាក់ដោយសារវីរុសកូរ៉ូណា ដែលជាចំនួនខ្ពស់បំផុតទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក៕ ប្រភព ៖ Daily Mail
