ភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba កើនឡើង នៅថ្ងៃដែលជែក ម៉ាបង្ហាញខ្លួនជាលើកដំបូង ក្រោយបាត់ខ្លួន៣ខែ

កាលពីថ្ងៃពុធស្ថាបនិកមហាសេដ្ឋីរបស់ Alibaba បានលេចមុខឡើងវិញ ខណៈដែលគាត់និយាយទៅកាន់គ្រូបង្រៀននៅតាមជនបទចំនួន ១០០ នាក់តាមរយៈវីដេអូខល ពោលគឺបីខែបន្ទាប់ពីការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់គាត់នៅក្នុងខែតុលា ដែលបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចមួយនេះកើនឡើងជាង ៨ ភាគរយនៅហុងកុង។

វីដេអូនៃការឆ្លើយឆ្លងនេះត្រូវបានផ្សព្វផ្សាយជាលើកដំបូងនៅលើវេបសាយ News Portal ជាសារព័ត៌មានគាំទ្រដោយរដ្ឋបាលខេត្ត Zhejiang ដែលជាខេត្តភាគខាងកើតនិងជាទីតាំងរបស់ការិយាល័យកណ្តាល Alibaba ហើយវីដេអូនោះត្រូវបានផ្ទៀងផ្ទាត់ដោយអ្នកនាំពាក្យរបស់ Alibaba ។

ពាក្យចចាមអារ៉ាមជាច្រើនបានខ្ចរខ្ចាយអំពីទីកន្លែងលាក់ខ្លួនរបស់លោកម៉ា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីខែធ្នូថាគាត់បានបាត់ពីកម្មវិធីទូរទស្សន៍ដែលគាត់បានបង្កើត។ លោកម៉ាដែលចូលចិត្តភាពលេចធ្លោនោះ បានឃើញអាណាចក្រពាណិជ្ជកម្មអេឡិចត្រូនិចរបស់គាត់គឺ Alibaba និងក្រុមហ៊ុនយក្ស Ant Group កាន់តែក្លាយជាបន្លាក្នុងកែវភ្នែករបស់អាជ្ញាធរចិននៅក្នុងប៉ុន្មានខែថ្មីៗនេះ។

លោកម៉ាបានបង្ហាញខ្លួនជាសាធារណៈចុងក្រោយនៅក្នុងសន្និសីទមួយដែលលោកបានរិះគន់ប្រព័ន្ធបទប្បញ្ញត្តិហិរញ្ញវត្ថុរបស់ចិននៅមុខបន្ទប់មន្ត្រីជាន់ខ្ពស់។ យោងតាមរបាយការណ៍ សម្តីដ៏ចម្រូងចម្រាសរបស់គាត់បានជំរុញឱ្យនិយតករចិនបញ្ឈប់ការផ្តល់ជូនការបោះលក់ហ៊ុនសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន Ant ដែលជាការលក់ភាគហ៊ុនសាធារណៈធំបំផុត។

ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Ant បានធ្វើការលើការរៀបចំរចនាសម្ព័ន្ធសាជីវកម្មឡើងវិញនិងអនុលោមតាមច្បាប់ណែនាំរបស់រដ្ឋាភិបាល។ ក្រុមហ៊ុន Alibaba ដែលជាវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចធំបំផុតរបស់ប្រទេសចិនក៏ត្រូវបានត្រួតពិនិត្យផងដែរ នៅពេលដែលនិយតករទីផ្សារបានបើកការស៊ើបអង្កេតលើការអនុវត្តនយោបាយផ្តាច់មុខនិយមរបស់ខ្លួន៕ 

adverise with khmeread