អាជ្ញាធរនៅប្រទេសវៀតណាមកាលពីថ្ងៃពុធបាននិយាយថា ពួកគេបានរកឃើញសត្វខ្លាទម្ងន់ ២៥០ គីឡូក្រាមមួយក្បាលត្រូវបានធ្វើទារុណកម្មនៅផ្ទះរបស់បុរសម្នាក់ ដែលក្រោយមកបានសារភាពថា គាត់ទិញខ្លានេះពីខេត្តមួយផ្សេងទៀតដើម្បីផលិតប្រេងកូឡាខ្លា។
មន្រ្តីប៉ូលិសបានធ្វើការឆ្មក់ចូលផ្ទះរបស់ឈ្មោះ D.N.Ngh. អាយុ ៤៩ ឆ្នាំនៅឃុំក្វាងឌាម ស្រុកហួងសឹន ខេត្តហាទីង ភាគកណ្តាលប្រទេសនៅម៉ោងប្រហែល ១១៖០០ យប់ថ្ងៃអង្គារបន្ទាប់ពីទទួលបានតម្រុយថា គាត់បានយកសត្វព្រៃមកចិញ្ចឹម។
នៅក្នុងវីដេអូដែលឥឡូវនេះកំពុងល្បីពេញវៀតណាម គេឃើញសត្វខ្លាដ៏ធំមួយក្បាលនេះកំពុងដេកសន្លប់នៅលើក្រណាត់កៅស៊ូព័ទ្ធជុំវិញដោយខ្សែភ្លើង។
ឈ្មោះ D.N.Ngh. បានរត់គេចខ្លួនបាត់ទៅហើយ នៅពេលដែលប៉ូលិសឆ្មក់ចូលផ្ទះនោះ។ ប៉ុន្តែបុរសនេះបានប្រគល់ខ្លួនឱ្យប៉ូលិសស្រុកហួងសឹននៅយប់ថ្ងៃពុធ ដោយសារភាពថាទិញខ្លានេះពីខេត្តញ៉េអានដើម្បីផលិតប្រេងកូឡា។
យោងតាមអង្គការ World Wildlife Fund ខ្លាជាសត្វជិតផុតពូជនៅវៀតណាម ដោយសល់ត្រឹម៥ក្បាលប៉ុណ្ណោះក្នុងឆ្នាំ ២០១៦ ដោយធ្លាក់ចុះពី ៣០ ក្បាលក្នុងឆ្នាំ ២០១១៕ ប្រភព ៖ tuoitrenews
