មន្ត្រីធំវៀតណាមម្នាក់ក្របួចកអាវរួចទះកំផ្លៀងប៉ូលិសចរាចរណ៍ ព្រោះថ្លើមធំហ៊ានឃាត់ឡានខ្លួន ដែលបើកបរទាំងស្រវឹង

មន្ត្រីផ្នែករៀបចំផែនការប្រជាជននិងគ្រួសារមកពីខេត្ត Tuyen Quang ភាគខាងជើងប្រទេសវៀតណាមត្រូវបានគេថតបានកំពុងទះកំផ្លៀងមន្រ្តីប៉ូលិសចរាចរណ៍ម្នាក់ បន្ទាប់ពីបញ្ឈប់រថយន្តសម្រាប់ការបើកបរទាំងស្រវឹង។

នាយកដ្ឋានប៉ូលិសចរាចរណ៍ក្នុងខេត្ត Tuyen Quang បានបញ្ជាក់កាលពីថ្ងៃពុធថាខ្លួនបានផាកពិន័យចំនួន ៣ លានដុង (១៣០ ដុល្លារ) លើលោក Lai Quoc Dat ប្រធានមន្ទីររៀបចំផែនការប្រជាជននិងផែនការគ្រួសារខេត្តពីបទរំខានកិច្ចការប៉ូលិស។

នាយកដ្ឋាននេះក៏នឹងស្នើសុំឱ្យមន្ទីរសន្តិសុខសាធារណៈខេត្តធ្វើការផាកពិន័យលោក Dat ចំនួន ៣៥ លានដុង (១.៥២០ ដុល្លារ) និងដកហូតប័ណ្ណបើកបររបស់គាត់រយៈពេល ២៣ ខែចំពោះការបើកបររថយន្តក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

នៅម៉ោងប្រហែល ២ រសៀលថ្ងៃទី ១១ ខែមករា លោក Dat កំពុងបើកបររថយន្តរបស់គាត់ក្នុងល្បឿនលឿននិងបង្ហាញសញ្ញានៃការបើកបរទាំងស្រវឹង។

អ្នកស្រុកបានដេញតាមគាត់ដើម្បីថតការរំលោភបំពានច្បាប់នេះ ហើយរាយការណ៍រឿងនេះទៅប៉ូលិស។

មន្រ្តីប៉ូលិសចរាចរណ៍មួយក្រុមបានមកដល់កន្លែងកើតហេតុ ហើយបានបញ្ឈប់រថយន្តរបស់លោក Dat មុនពេលស្នើសុំឱ្យគាត់តាមពួកគេទៅកាន់ស្ថានីយប៉ូលិសដើម្បីវាស់ជាតិអាល់កុល។

លោក Dat បានបដិសេធមិនព្រមសហការនិងទះកំផ្លៀងមន្រ្តីម្នាក់ មុនពេលចាប់គាត់ក្របួចកអាវ ហើយជេរប្រមាថគាត់។

ហេតុការណ៍ទាំងមូលត្រូវបានថតដោយសាក្សីផ្ទាល់ភ្នែក។

នៅទីបំផុតមន្រ្តីរូបនោះត្រូវបានគេនាំទៅកាន់ស្ថានីយប៉ូលិសដែលការធ្វើតេស្តមួយបានបង្ហាញថា កំហាប់ជាតិអាល់កុលរបស់គាត់មានកម្រិត ០,៤ មិល្លីក្រាមក្នុងមួយលីត្រនៃដង្ហើម។

យោងទៅតាមបទប្បញ្ញត្តិបច្ចុប្បន្នអ្នកបើកបររថយន្តត្រូវតែមានកម្រិតជាតិអាល់កុលក្នុងឈាមកម្រិតសូន្យ៕ ប្រភព ៖ tuoitrenews.vn

adverise with khmeread