ព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ត្រូវបានជនប្រដាប់អាវុធបាញ់សម្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើល នៅចំណុចមុខកាស៊ីណូជីយវនីសិន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ដែលគេមិនទាន់ស្គាល់ ឈ្មោះនិងអត្តសញ្ញាណបានជិះរថយន្ដម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AL-9459។ ចំណែកជនប្រដាប់អាវុធបានជិះរថយន្ដម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-1413។
សាក្សីបានឃើញហេតុការណ៍បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ដំបូងគេឃើញរថយន្តទាំង២គ្រឿងនេះបានជិះប្រដេញគ្នានៅផ្លូវបេតុងមុខសណ្ឋាគារ៧ជាន់ រួចក៏ឮផ្ទុះអាវុធចំនួន ៣ គ្រាប់ទម្លុះកញ្ចក់រថយន្តជនរងគ្រោះតែម្តង។
បន្ទាប់មករថយន្តទាំង២នេះ បានបើកទៅដល់មុខកាស៊ីណូជីយវនីសិន ក៏ឮផ្ទុះអាវុធមួយគ្រាប់ទៀតបណ្តាលឱ្យបុរសជនជាតិចិនម្នាក់ស្លាប់ភ្លាមៗ និងបុរសម្នាក់ទៀតជាអ្នកបើករថយន្ត បានរងរបួសធ្ងន់រួចបើករត់មកដល់គ្លីនិកឯកជនមួយកន្លែងនៅក្បែរផ្សារពាណិជ្ជកម្មដើម្បីព្យាបាលរបួសបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចតែម្តង។
ក្រោយពីបានធ្វើសកម្មភាពរួចជនប្រដាប់អាវុធ បានយករថយន្ដទៅប្លុងចោលនៅជិតផ្សារដំរី៥ហើយចុះរត់គេចខ្លួនតែម្ដង។ចំពោះមូលហេតុនៃការបាញ់ប្រហារ ខាងលើនេះ សមត្ថកិច្ច កំពុងតែបន្តស្រាវជ្រាវស៊ើបអង្កេតបន្ត។សមត្ថកិច្ចបានបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណាសមត្ថកិច្ចជំនាញបានកំណត់រួចជាស្រេចនូវមុខសញ្ញាជាជនដៃដល់បាញ់សម្លាប់ជនជាតិចិនកំពុងរត់គេចខ្លួនរួចជាស្រេច៕
