ក្រុមអ្នកវិទ្យាសាស្ត្រចិននៅក្នុងទីក្រុងប៉េកាំងបានបង្កើតការព្យាបាលហ្សែនថ្មីមួយ ដែលអាចបញ្ច្រាស់ផលប៉ះពាល់មួយចំនួននៃភាពចាស់ចំពោះសត្វកណ្តុរនិងបន្លាយអាយុរបស់ពួកវា ដែលការព្យាបាលនេះអាចថ្ងៃណាមួយរួមចំណែកដល់ការព្យាបាលស្រដៀងគ្នានេះសម្រាប់មនុស្ស។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២០មករា។
វិធីសាស្ត្រ ដែលបានរៀបរាប់លម្អិតនៅក្នុងឯកសារមួយនៅក្នុងទស្សនាវដ្តី Science Translational Medicine កាលពីដើមខែមករា គឺទាក់ទងនឹងការធ្វើឱ្យអសកម្មហ្សែនឈ្មោះថា kat7 ដែលអ្នកវិទ្យាសាស្ត្ររកឃើញថាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យកោសិកាចាស់។
សហត្រួតពិនិត្យលោកសាស្ត្រាចារ្យ Qu Jing អាយុ ៤០ ឆ្នាំជាអ្នកជំនាញផ្នែកឱសថទប់ស្កាត់ភាពចាស់និងឱសថជំរុញការបង្កើតកោសិកាថ្មីមកពីវិទ្យាស្ថានសត្ដវិត្យានៅបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) បាននិយាយថា ការព្យាបាលជាក់លាក់ ដែលពួកគេបានប្រើនិងលទ្ធផលនេះ គឺជាការព្យាបាលលើកដំបូងនៅលើពិភពលោក។
លោក Qu Jing និយាយថា "សត្វកណ្តុរទាំងនេះបង្ហាញរូបរាងជារួមនិងកម្លាំងក្រោយរយៈពេល៦-៨ខែមានភាពល្អប្រសើរឡើង ហើយសំខាន់បំផុតពួកវាបានបន្លាយអាយុវែងជាងមុនប្រហែល ២៥ ភាគរយ"។
ក្រុមជីវវិទូមកពីនាយកដ្ឋានផ្សេងៗរបស់ CAS បានប្រើវិធីសាស្ត្រ CRISPR/Cas9 ដើម្បីពិនិត្យហ្សែនរាប់ពាន់ដើម្បីឱ្យឃើញហ្សែនណាដែលជាកត្តាជំរុញភាពចាស់របស់កោសិកា។
លោក Qu Jing និយាយថា ពួកគេបានរកឃើញហ្សែន ១០០ ក្នុងចំណោមហ្សែនប្រមាណ ១០.០០០ ហើយហ្សែន kat7 មានប្រសិទ្ធិភាពបំផុតក្នុងការរួមចំណែកដល់ភាពចាស់របស់កោសិកា។
Kat7 គឺជាហ្សែនមួយក្នុងចំណោមហ្សែនរាប់សិបពាន់ដែលរកឃើញនៅក្នុងកោសិកាថនិកសត្វ។ អ្នកស្រាវជ្រាវបានធ្វើឱ្យអសកម្មហ្សែននេះនៅក្នុងថ្លើមរបស់សត្វកណ្តុរដោយប្រើវិធីសាស្ត្រមួយហៅថា Lentiviral Vector។
ត្បិតដូច្នេះក្តី ប៉ុន្តែលោក Qu Jing និយាយថាវានៅវែងឆ្ងាយណាស់ទម្រាំឈានដល់ការពិសោធន៍ព្យាបាលហ្សែនចំពោះមនុស្ស៕
