ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា រន្ទះពណ៌ខៀវដែលបាញ់ឡើងទៅលើផ្ទៃផែនដីពីពពកផ្គររន្ទះត្រូវបានរកឃើញដោយឧបករណ៍ថតមួយនៅលើស្ថានីយអវកាសអន្តរជាតិ។
វាស់ស្ទង់ដោយឧបករណ៍តាមដានអន្តរកម្មបរិយាកាស-អវកាស (ASIM) របស់ទីភ្នាក់ងារអវកាសអឺរ៉ុប បាតុភូតនេះបានលេចចេញពីកំពូលពពកនៅលើកោះ Nauru នៅមហាសមុទ្រប៉ាស៊ីហ្វិក ។
រន្ទះនោះបានហោះឡើងទៅដល់ស្រទាប់មេររបស់បរិយាកាសផែន ដែលក្រុមអ្នកជំនាញជឿថា រន្ទះពណ៌ខៀវនេះអាចពង្រីកវិសាលភាពបានចម្ងាយរហូតដល់ ៣១ ម៉ាយល៍ (៥០ គីឡូម៉ែត្រ) និងមានរយៈពេលតិចជាងមួយវិនាទី។
ដោយសារតែរន្ទះពណ៌ខៀវនោះកកើតពីលើស្រទាប់ពពកហួសទៅផ្ទៃផែនដីខាងលើ ពួកវាពិបាកនឹងមើលឃើញនិងសិក្សាពីលើផ្ទៃដីណាស់។
ទោះយ៉ាងណា ដោយធ្វើគោចរប្រហែល ៤០០ គីឡូម៉ែត្រពីលើពពកទាំងនោះ ស្ថានីយអវកាសអន្តរជាតិបានថតទិដ្ឋភាពដ៏អស្ចារ្យនេះដោយគ្មានការរំខាន។
ការយល់ដឹងអំពីការកកើតរន្ទះខៀវ និងបាតុភូតដ៏ខ្លាំងក្លាដទៃទៀតនៅក្នុងតំបន់ស្រទាប់មេរបស់បរិយាកាសផែនដី និងពីផ្ទៃខាងលើផែនដី អាចបង្ហាញពីតម្រុយអំពីរបៀបដែលផ្លេកបន្ទោរត្រូវបានបង្កើតឡើង។
ក្រុមអ្នកជំនាញក៏ជឿជាក់ផងដែរថា រន្ទះពណ៌ខៀវអាចដើរតួនាទីជះឥទ្ធិពលដល់ការប្រមូលផ្តុំនៃឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាស ដែលគេត្រូវការការសិក្សាស៊ើបអង្កេតបន្ថែមទៀត៕
