សារព័ត៌មាន BBC បានដឹងថាកុំព្យូទ័រយួរដៃមួយចំនួនដែលត្រូវបានផ្តល់ឱ្យនៅក្នុងប្រទេសអង់គ្លេសដើម្បីជួយដល់កុមារងាយរងគ្រោះនៅផ្ទះពេលកំពុងបិទទីក្រុង គឺមានផ្ទុកមេរោគ។
គ្រូបង្រៀនបានចែករំលែកព័ត៌មានលម្អិតនៅលើវេទិកាតាមអ៊ីនធឺណេតអំពីឯកសារគួរឱ្យសង្ស័យដែលត្រូវបានរកឃើញនៅលើឧបករណ៍ដែលបានបញ្ជូនទៅសាលារៀន Bradford ។
មេរោគដែលពួកគេនិយាយថាមានការទាក់ទងទៅនឹងម៉ាស៊ីនមេរបស់រុស្ស៊ី ត្រូវបានរកឃើញនៅលើកុំព្យូទ័រយួរដៃដែលបានផ្តល់ឱ្យសាលារៀនមួយចំនួន។
ក្រសួងអប់រំបាននិយាយថា ខ្លួនបានដឹងនិងស៊ើបអង្កេតជាបន្ទាន់លើរឿងនេះ។
មន្ត្រីក្រសួងបានប្រាប់ BBC News ថា "យើងបានដឹងអំពីបញ្ហាដែលមាននៅលើឧបករណ៍មួយចំនួន ហើយយើងកំពុងធ្វើការស៊ើបអង្កេតជាអាទិភាពបន្ទាន់ដើម្បីដោះស្រាយបញ្ហានេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រុមមន្ត្រី IT របស់ក្រសួងកំពុងទាក់ទងជាមួយអ្នកដែលបានរាយការណ៍អំពីបញ្ហានេះ។ យើងជឿជាក់ថានេះមិនមែនជាការឆ្លងមេរោគកុំព្យូទ័ររីករាលដាលទេ"។
យោងតាមវេទិកាខាងលើ កុំព្យូទ័រយួរដែលប្រើប្រព័ន្ធប្រតិបត្តិការ Windows មានផ្ទុកមេរោគឈ្មោះ Gamarue.I ជាមេរោគមួយដែលត្រូវបានកំណត់អត្តសញ្ញាណដោយក្រុមហ៊ុន Microsoft ក្នុងឆ្នាំ ២០១២។
រហូតមកទល់ពេលនេះ រដ្ឋាភិបាលបានផ្ដល់សាលារៀននូវកុំព្យូទ័រយួរដៃជាង ៨០០.០០០ គ្រឿង ខណៈដែលខ្លួនព្យាយាមចែកចាយឧបករណ៍ជាងមួយលានគ្រឿងដល់សិស្សដែលជួបការលំបាកដែលប្រហែលជាមិនមានលទ្ធភាពប្រើប្រាស់នៅផ្ទះ៕
