ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៥ ជ្រើសយក រឿង “កំណត់ត្រាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅអ៊ូហាន” មកបញ្ចាំងជូនមុនគេ

ភ្នំពេញៈ ខ្សែភាពយន្ត រឿង “កំណត់ត្រាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅអ៊ូហាន” ត្រូវបានយកមកបញ្ចាំង ក្នុងពិធីសម្ពោធជាផ្លូវការ ក្នុងព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៥” បានប្រារព្ធធ្វើឡើងនៅសាលមហោស្រពចតុម្មុខ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសុក្រ ទី២២ ២០២១ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋចិនប្រចាំនៅកម្ពុជា តំណាងក្រសួងស្ថាប័នដែលពាក់ព័ន្ធ អ្នកសារព័ត៌មានខ្មែរចិន ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូបទៀត។ 

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា ៤ឆ្នាំកន្លងមកព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម» ទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពី បងប្អូនប្រជាពលរដ្ឋខ្មែរ ដោយបានចូលរួមទស្សនាយ៉ាងច្រើនកុះករ រាល់ការដាក់បញ្ចាំងភាពយន្តចិន-ខ្មែរ នៅតាមតំបន់នានា ក្នុងរាជធានីខេត្តក្រុងនីមួយៗ។

លោកស្រីបន្ដថា អ្វីដែលអាចទាក់ទាញឱ្យប្រជាជនខ្មែរ និយមទស្សនាខ្សែភាពយន្តចិន ក៏ព្រោះតែប្រទេសទាំងពីរ មានចំណងមិត្តភាពជាច្រើនជំនាន់មកហើយ រីឯវប្បធម៌ប្រពៃណីទំនៀមទម្លាប់ ជំនឿ និងផ្នត់គំនិតទៀតសោត ក៏មានលក្ខណៈប្រហាក់ប្រហែលគ្នា។ នេះជាមូលហេតុធ្វើឱ្យខ្សែភាពយន្ត ក៏ដូចជាសិល្បៈ និងវប្បធម៌របស់ចិន បានឆក់យកដួងចិត្តរបស់ប្រជាជនខ្មែរឱ្យចូលចិត្ត និងគាំទ្រយ៉ាងខ្លាំង។

លោកស្រីបន្ដថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន- កម្ពុជាដ៏ឆ្នើម» នេះជាស្ពានដែលបានភ្ជាប់រវាងប្រជាជនទាំងពីរ និងធ្វើឱ្យចំណងមិត្តភាពរវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត។ ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៥» លើកនេះ នឹងនាំមកនូវខ្សែភាពយន្តដ៏ឆ្នើម ដែលរួមមានខ្សែភាពយន្តខ្មែរ និងខ្សែភាពយន្តចិន បញ្ចូលសម្លេងជាភាសាខ្មែរ ដូចជារឿង កំណត់ត្រាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅអ៊ូហាន, អ្នកក្លាហានដំបងបិសាច, ក្ដីស្រមៃយុវជនចិន វគ្គ២ និងម្ចាស់របាំងមុខ ជាដើម។

ឯកឧត្ដម Wang Wentian បានថ្លែងសុន្ទរកថាលើកឡើងថា ការផ្លាស់ប្ដូរវប្បធម៌និងសិល្បៈរវាងចិននិងកម្ពុជា បានបង្កើតជាស្ពានទំនាក់ទំនងនិងចំណងមិត្តភាពដ៏ អស្ចារ្យសម្រាប់ប្រជាជនទាំងពីរប្រទេស។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងតែជំរុញយ៉ាងសកម្មក្នុងការកសាងសហគមន៍ជោគវាសនារួមគ្នា ហើយការផ្លាស់ប្ដូរវប្បធម៌ចិននិងកម្ពុជា បានស្វាគមន៍ជាមួយឱកាសនៃការអភិវឌ្ឍដ៏មានតម្លៃបំផុត។

ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម”នេះ ត្រូវបានក្លាយជាគម្រោងសកម្មភាពមួយ សម្រាប់ការលើកកម្ពស់កិច្ចផ្សារភ្ជាប់ដួងចិត្តនៃប្រជាជនទាំងពីរ ហើយក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបងប្អូនប្រជាជនកម្ពុជានៅតាមបណ្ដាខេត្ត និងតំបន់នីមួយៗ នៅក្នុងប្រទេសកម្ពុជាផងដែរ ហើយនេះគឺជាលើកទី៥ហើយនៃព្រឹត្តិការណ៍ដំណើរ ភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម ដោយសង្ឃឹមថាខ្សែភាពយន្តដែលនឹងចាក់បញ្ចាំងនេះ មិនត្រឹមតែជំរុញការស្វែងយល់អំពីវប្បធម៌ចិន ជូនដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះ ទេ តែក៏ជួយលើកកម្ពស់វប្បធម៌និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែសម្បូរបែបដែលស្ថិតនៅក្រោមស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ ផងដែរ។

ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៥” លើកនេះ នឹងនាំមកនូវខ្សែភាពយន្តដ៏ឆ្នើមដែលរួមមានខ្សែភាពយន្តខ្មែរ និងខ្សែភាពយន្តចិនបញ្ចូលសម្លេងជាភាសាខ្មែរ ដូចជារឿង “កំណត់ត្រាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅអ៊ូហាន” “អ្នកក្លាហានដំបងបិសាច” “ក្ដីស្រមៃយុវជនចិនវគ្គ២” និង “ម្ចាស់របាំងមុខ” ជាដើម។ ក្រោយពីចាក់បញ្ចាំងលើកដំបូងរួច ខ្សែភាពយន្តទាំងនេះ នឹងត្រូវយកទៅចាក់បញ្ចាំងនៅតាមសាលារៀន ទីប្រជុំជន និងបន្ទាយកងទ័ពជាដើមនៅតាមបណ្ដារាជធានី ខេត្ត និងក្រុងនានាដូចជា៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៥” នេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយ ស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងទទួលរៀបចំដោយវិទ្យុមិត្តភាពកម្ពុជា ដែលបង្កើតឡើងនៅកម្ពុជាដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រួមជាមួយនឹងក្រុមហ៊ុនភាពយន្តចិនគ្រុប៕

adverise with khmeread