កំពង់ស្ពឺ ៖ បុរសម្នាក់បានដុតផ្ទះឆេះខ្ទេចអស់មួយខ្នងដោយសារគាត់ខឹងប្រពន្ធរត់ចោលត្រូវប៉ូលិសវ៉ៃខ្នោះ ដែលហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ម្សិលមិញ។
ប៉ូលិសនិយាយថា ជនបង្កឈ្មោះ ហេង ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិផ្ចឹកជ្រុំ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឆេះផ្ទះទាំងស្រុងមានទំហំទទឹង៥ម៉ែត្រនិង បណ្តោយ៧ម៉ែត្រ សសរបេតុង កម្ពស់២ម៉ែត្រកន្លះ ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង និងឆេះអស់ ពូកភួយ មុង កន្ទេល សម្លៀកបំពាក់មួយចំនួន និងបែកពាងចំនួនបី។
ប៉ូលិសបញ្ជាក់ថា មូលហេតុដែលនាំឱ្យបុរសនេះដុតផ្ទះចោល គឺបណ្តាលមកពីខឹងប្រពន្ធរត់ចោល ហើយជនសង្ស័យជាមនុស្សញៀនថ្នាំថែមទៀតផង។ ជនសង្ស័យនេះត្រូវប៉ូលិស ឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកគងពិសីដើម្បីចាត់ការបន្តតាមនីតិវិធី៕
