នាងក្រមុំម្នាក់ខ្វះតែ១០ថ្ងៃទៀតចូលរោងការ, ត្រូវបុរសម្នាក់ស្រវឹងស្រាបើករថយន្តបុកម៉ូតូកំពុងជិះស្លាប់

ភ្នំពេញ ៖ នារីម្នាក់បានបាត់បង់ជីវិត និងបុរសម្នាក់ទៀតរងរបួសខណៈជិះម៉ូតូសុខៗត្រូវបានបុរសម្នាក់ស្រវឹងស្រាបើករថយន្តរត់គេចមកបុកទាំងកម្រោល នៅវេលាម៉ោង៨យប់ ថ្ងៃសៅរ៍ទី២៣ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខបុរីប៉េងហួត ខាងកើតច្រមុះជ្រូក ស្ទឹងមានជ័យ ចម្ងាយប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ លឹម ស្រីហេង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះលេខ២៤ ផ្លូវលេខ១៨ ក្នុងបុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ជិះម៉ូតូម៉ាកស្កុបពី ស៊េរីឆ្នាំ២០២០ ពណ៌សពាក់ស្លាកលេខភ្នំពេញ 1II-9166 និងបុរសម្នាក់ទៀតរងរបួស ជិះម៉ូតូម៉ាកហុងដាឌ្រីម។

ចំណែករថយន្តបង្កម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-2004 បើកបរដោយឈ្មោះ គួង ស៊ីថន ភេទប្រុស អាយុ៤១ឆ្នាំ ( ឃាត់ខ្លួន ) មុខរបរបើករថយន្តតាក់ស៊ី រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១  ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងរថយន្ត រងគ្រោះ២គ្រឿងទៀត ទីមួយម៉ាកម៉ាស្តា និងរថយន្តកាមរី (ឆ្លាម)។ 

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្តបង្កបើកតាមបណ្ដោយផ្លូវលេខ ២១៧ទិសដៅពីត្បូងមកជើងយ៉ាងលឿន, ខណៈមកដល់មុខវត្តសំបូរមាសបានប៉ះជាមួយនឹងរថយន្តម៉ាស្តា ហើយក៏ព្យាយាមបើករត់យ៉ាងលឿន ទៅប៉ះរថយន្តកាមរី (ឆ្លាម)  រួចបើករត់បន្តទៀតទៅបុករះម៉ូតូ២គ្រឿងបណ្ដាលឱ្យនារីម្នាក់ស្លាប់ភ្លាមៗនិងបុរសម្នាក់រងរបួសរលាត់ដៃរលាត់ជើង។ 

បើតាមសម្ដីសាច់ញាតិនារីរងគ្រោះបានឱ្យដឹងថា នៅខ្វះតែ១០ថ្ងៃទៀត នារីរងគ្រោះនឹងចូលរោងការហើយមុនកើតហេតុគឺស្ត្រីរងគ្រោះចេញពីផ្ទះ ក្នុងគោលបំណងទៅជួបគូដណ្ដឹងតែកម្មអកុសលមកជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់គួរឱ្យសោកស្តាយបែបនេះទៅវិញ។ 

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្ត និងម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសព ត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋានក្នុងបុរីពិភពថ្មីចំការដូង៕
 

adverise with khmeread