រថយន្តហាយឡែនឌ័របើកបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើមនិងរបងផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ ៖ បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបាក់អស់១ដើមនិងរបងផ្ទះពលរដ្ឋបាក់អស់១ផ្ទាំងព្រមទាំងឥដ្ឋដែលគេទុកបម្រុងរៀបជញ្ជាំងអស់មួយចំនួន បន្ទាប់ពីមានរថយន្តហាយឡែនឌ័របើកបុកពេញទំហឹងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខសាលារៀនជា ស៊ីមសាមគ្គី ក្នុងភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្កម៉ាកហាយឡែនឌ័រ ស៊េរីឆ្នាំ២០០២​ ពណ៌ស្ករ ពាក់ស្លាកលេខព្រះសីហនុ 2B-7707 បើកបរដោយបុរសម្នាក់។ ដំបូងឡើយគេឃើញរថយន្តម៉ាកហាយឡែនឌ័រ បើកតាមបណ្ដោយផ្លូវលេខ២៧១ទិសដៅពីជើងមកត្បូងយ៉ាងលឿន។

ខណៈមកដល់ចំណុចកើតហេតុខាងលើដោយសារតែផ្លូវកោងផងបួងចង្កូតមិនទាន់បណ្ដាលឱ្យឡើងលើចិញ្ចើមផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់១ដើមនិងបន្តទៅបុកទ្វាររបងផ្ទះប្រជាពលរដ្ឋព្រមទាំងគំនរឥដ្ឋដែលទុកបម្រុងរៀបជញ្ជាំងខូចខាតអស់មួយចំនួនធំថែមទៀត។ តែគ្រោះថ្នាក់ចរាចរណ៍នេះពុំបណ្ដាលឱ្យមនុស្សម្នាក់រងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

adverise with khmeread