ភ្នំពេញ ៖ ដើមផ្កាខូចខ្ទេចអស់ជាច្រើននិងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈមួយដើមទៀតបាក់រាបដល់ដី ហើយខ្ទាតបង្គោលភ្លើងទៅប៉ះបុរសម្នាកកំពុងជិះម៉ូតូ បណ្តាលឱ្យដួលរងរបួសនិងខូចម៉ូតូ បន្ទាប់ពីមានរថយន្តម៉ាកព្រូសមួយគ្រឿងបើកឡើងលើសួនចែកទ្រូងផ្លូវ បុករះ ក្រឡាប់ផ្ងារកង់ទ្រមេឃទៅមុខលែងរួច។
គ្រោះថ្នាក់ខាងលើកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ នៅចំណុចជិតស្ពានទី១ តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តព្រូសមួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0317 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីត្បូងទៅជើង។
លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃឡើងលើសួនពុះចែកទ្រូងផ្លូវបុករះដើមផ្កាបាក់អស់ជាច្រើនគុម្ព និងបាក់បង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀត ព្រមទាំងខ្ទាតបង្គោលភ្លើងទៅប៉ះម៉ូតូមួយគ្រឿងទៀតម៉ាកCBកាហ្វេពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GY-3415 បណ្ដាលឱ្យដួលរងរបួសបុរសម្នាក់រលាត់ដៃរលាត់ជើង និងខូចម៉ូតូយ៉ាងដំណំ។
ចំណែករថយន្តបង្កក្រឡាប់ផ្ងារកង់ឡើងលើខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនរងរបួសដល់អ្នកបើកបរនិងអ្នកដទៃនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
