ទាហានអង់គ្លេសម្នាក់បាញ់កាំភ្លើងស៊ីបពីចម្ងាយជិត១គីឡូម៉ែត្រ សម្លាប់ពួក ISIS បាន ៥ នាក់ដោយចំណាយអស់តែ១គ្រាប់

ទាហានអង់គ្លេសជំនាញកាំភ្លើងស៊ីបម្នាក់បានសម្លាប់ភេរវករ ISIS ៥ នាក់ដោយប្រើគ្រាប់កាំភ្លើងតែមួយគ្រាប់នៅចម្ងាយជិត ១ គីឡូម៉ែត្រ។ នេះយោងតាមវេបសាយ Mirror ផ្សាយកាលពីថ្ងៃអាទិត្យទី២៤មករា។

ទាហានពិសេសអង់គ្លេសមិនបញ្ចេញអត្តសញ្ញាណនេះបានតម្រង់ទៅលើជនបំផ្ទុះគ្រាប់បែកអត្តឃាតជីហាតម្នាក់នៅស៊ីរីនៅចម្ងាយ ៩១៥ ម៉ែត្រ ខណៈបុរស ISIS នោះកំពុងនិយាយទៅកាមេរ៉ាទូរស័ព្ទ ដោយគ្រាប់កាំភ្លើងបានទម្លុះចំគ្រាប់បែកនៅចង្កេះបុរសនោះ បណ្តាលឱ្យផ្ទុះស្លាប់ភេរវករ ៤ នាក់ផ្សេងទៀតនៅក្បែរនោះ។ 

ទាហានអង់គ្លេសអាយុ ២០ ឆ្នាំនោះបានប្រើកាំភ្លើងស៊ីបខ្លាំងបំផុតរបស់អង់គ្លេសគឺម៉ាក Barrett .50 ដើម្បីបាញ់សម្លាប់ពួក ISIS កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយតាមដានទីតាំងសង្ស័យផលិតគ្រឿងផ្ទុះរបស់ពួកនេះជាច្រើនថ្ងៃ។ 

ម្នាក់ក្នុងចំណោមពួក ISIS ដែលស្លាប់នោះគឺជាមេបញ្ជាការ ដែលបានដឹកនាំការបាញ់ប្រហារសម្លាប់អ្នកភូមិជាច្រើននាក់ក្នុងតំបន់ឃឺដកាលពីពេលកន្លងទៅ។ 

គួរបញ្ជាក់ថា កាំភ្លើង Barrett .50 គឺទុកសម្រាប់បាញ់គោលដៅធំៗដូចជា យន្តហោះ រថយន្ត ឡានធំ និងរថក្រោះធុនស្រាល ហើយឥទ្ធិពលរបស់វាលើមនុស្សគឺបង្កវិនាសកម្មធ្ងន់ធ្ងរណាស់ ដោយមួយគ្រាប់អាចបណ្តាលឱ្យដាច់ខ្លួនជាពីរ៕ 

adverise with khmeread