ប៉ូលិសនិងក្រុមអ្នកសង្គ្រោះបាននិយាយកាលពីថ្ងៃសៅរ៍ទី២៣មករាថា បុរសវ័យក្មេងម្នាក់ត្រូវបានរថភ្លើងបុកស្លាប់នៅប៉ាគីស្ថាន ខណៈកំពុងថតវីដេអូដើរលើផ្លូវដែកសម្រាប់ការថតដ៏ក្លាហានមួយសម្រាប់ដាក់លើ TikTok។
ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃសុក្រនៅសង្កាត់ Shah Khalid ក្នុងទីក្រុង Rawalpindi ក្បែររដ្ឋធានី Islamabad។
អ្នកនាំពាក្យរបស់ក្រុមសង្គ្រោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា បុរសឈ្មោះ Hamza Naveed អាយុ ១៨ ឆ្នាំកំពុងដើរលើផ្លូវដែក ខណៈមិត្តរបស់គេឈ្មោះថា Raja Rafaqat Zaman ជាអ្នកថតវីដេអូ។
Zaman និយាយថា "រថភ្លើងកំពុងបរនោះបានបុកគាត់ខណៈគាត់ឈរកាច់រាងថតវីដេអូលើផ្លូវដែក"។
Zaman បន្តថា អ្នកសង្គ្រោះបានមកដល់កន្លែងកើតហេតុ ប៉ុន្តែមិត្តខ្លួនបានស្លាប់បាត់ទៅហើយ៕
