ត្រីចិញ្ចឹមជាង ១០០ តោនងាប់ដោយគ្មានមូលហេតុនៅថៃ

ត្រីជាង ១០០ តោនដែលចិញ្ចឹមនៅក្នុងបែនៅអាងស្តុកទឹករបស់ទំនប់វារីអគ្គិសនីវិជ្ជរ៉ាឡុងកនក្នុងស្រុកថងផាភូមខេត្តកាន់ចាណាបុរី បានងាប់ដោយគ្មានមូលហេតុ ជាហេតុធ្វើឱ្យអ្នកចិញ្ចឹមត្រីខាតបង់ប្រមាណ ១៥ លានបាត។ នេះយោងតាមកាសែត Bangkok Post ផ្សាយកាលពីថ្ងៃអាទិត្យទី២៤មករា។

កសិករចិញ្ចឹមត្រីប្រហែល ៣០ នាក់ ដែលចិញ្ចឹម "ត្រីផ្លាខុតខាំង" នៅក្នុងបែប្រហែល ១០០ នៅក្នុងអាងស្តុកទឹកនៅក្នុងភូមិភីឡុកគី បាននិយាយថា ត្រីចាប់ផ្តើមងាប់ប្រហែល ៤ ថ្ងៃមុន។ ពួកគេមិនដឹងពីមូលហេតុនៃការងាប់ដ៏ច្រើនដល់ថ្នាក់នេះទេ។

នៅពេលត្រីចាប់ផ្តើមឈឺ ពួកគេព្យាយាមជួយសង្គ្រោះពួកវាដោយបូមអុកស៊ីសែនចូលក្នុងទឹក ហើយរំកិលបែទៅកណ្តាលអាងទឹក ប៉ុន្តែមិនមានប្រយោជន៍ទេ គឺ ត្រីទម្ងន់មួយក្បាល ៣-៨ គីឡូក្រាមក្នុងបែនីមួយៗបានងាប់ទាំងអស់។ ប្រជាកសិករចិញ្ចឹមត្រីបានទាញយកត្រីងាប់ចេញពីក្នុងទឹកហើយដាក់វានៅឆ្ងាយពីមាត់ច្រាំងប្រហែលមួយគីឡូម៉ែត្រ។

ក្លិនស្អុយពីត្រីងាប់បានរាលដាលពាសពេញតំបន់។ ត្រីខ្លះនៅអណ្តែតក្នុងទឹកនៅឡើយ ហើយគេនឹងចំណាយពេលច្រើនសប្តាហ៍ទៀតដើម្បីយកពួកវាចេញអស់ ដោយនាំឱ្យមានការបារម្ភអំពីការបំពុលបរិស្ថាន។

កសិករចិញ្ចឹមត្រីនិយាយថា ពួកគេបានចិញ្ចឹមត្រីក្នុងបែនៅអាងស្តុកទឹកនេះអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ កាលពីមុន ពួកគេគ្រប់គ្រងការផ្ទុះឡើងនៃជំងឺត្រីដោយប្រើថ្នាំ។ ប៉ុន្តែគ្មានអ្វីដែលពួកគេអាចធ្វើបានដើម្បីកាត់បន្ថយការខូចខាតពីការងាប់ត្រីទ្រង់ទ្រាយធំដោយមិនដឹងមូលហេតុដូច្នេះទេ។

ពួកគេប៉ាន់ស្មានថាបានខាតបង់ប្រហែល ១៥ លានបាត៕ ប្រភព ៖ Bangkok Post

adverise with khmeread