ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាមបានបង្គ្រាបបណ្តាញស្រីរកស៊ីផ្លូវភេទមួយ ដែលផ្តល់ជូនដំណើរទេសចរណ៍ផ្លូវភេទ ដែលមានតម្លៃ ៥.០០០-៧.០០០ ដុល្លារអាមេរិក។ នេះយោងតាមកាសែតយុវជនសរសេរកាលពីថ្ងៃអាទិត្យទី២៤មករា។
មន្រ្តីប៉ូលិសបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា បណ្ដាញពេស្យាចារលំដាប់ខ្ពស់នេះបានដំណើរការនៅទីក្រុងហាណូយនិងខេត្តជិតខាង។
របរទុច្ចរិតនេះត្រូវបានគ្រប់គ្រងដោយបុរសឈ្មោះ Phan Thanh Luong អាយុ ២៥ ឆ្នាំ ដែលមកពីខេត្តក្វាងបិញភាគខាងជើង។
នៅម៉ោងប្រហែល ៩ និង ៣០ នាទីយប់ថ្ងៃព្រហស្បតិ៍មន្ត្រីក្រសួងសន្តិសុខសាធារណៈដោយមានការសម្របសម្រួលជាមួយនាយកដ្ឋានប៉ូលិសក្រុងហាណូយបានចាប់ស្ត្រីរកស៊ីផ្លូវភេទពីរនាក់និងអតិថិជនរបស់ពួកគេនៅផ្ទះល្វែងមួយនៅសង្កាត់បាដិញ។
នៅឯប៉ុស្តិ៍ប៉ូលិស អតិថិជនបានអះអាងថាពួកគេធ្លាប់បានទាក់ទងទៅលោក Luong ហើយបានយល់ព្រមបង់ប្រាក់ចំនួន ២០ លានដុង (៨៦៦ ដុល្លារអាមេរិក) សម្រាប់ស្រីពេស្យានីមួយៗ។
ក្រោយមកប៉ូលិសបានឆែកឆេរផ្ទះរបស់ Luong នៅលើផ្លូវង្វៀនទួន ក្នុងសង្កាត់ថាញ់សួន ហើយបានរកឃើញថង់ប្លាស្ទិកចំនួន ៣ ដែលផ្ទុកថ្នាំញៀន Ketamine ដែលត្រូវបានចាត់ទុកថាជាគ្រឿងញៀនខុសច្បាប់នៅប្រទេសវៀតណាមនិងថ្នាំសំយោគផ្សេងទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍ លោក Luong បាននិយាយថា លោកបានប្រាស្រ័យទាក់ទងជាមួយអតិថិជនរបស់ខ្លួនតាមរយៈបណ្តាញសង្គមដើម្បីឈានដល់កិច្ចព្រមព្រៀងទាក់ទងនឹងប្រភេទសេវាកម្មនិងតម្លៃរបស់ពួកគេ។
លោក Luong ឬអតិថិជនបន្ទាប់មកនឹងសម្រេចចិត្តលើទីតាំងដែលស្រីផ្កាមាសនឹងត្រូវបញ្ជូនទៅផ្តល់សេវាកម្មដល់ពួកគេ។
សេវាកម្មនីមួយៗមានតម្លៃប្រហែល ២០-៤០ លានដុង (៨៦៦-១.៧៣៣ ដុល្លារ) អាស្រ័យលើកេរ្តិ៍ឈ្មោះរបស់អ្នករកស៊ីផ្លូវភេទ។
បណ្ដាញរកស៊ីនេះក៏បានផ្តល់ជូនដំណើរទេសចរណ៍ផ្លូវភេទទៅកាន់ទិសដៅជាច្រើនទូទាំងប្រទេសវៀតណាមក្នុងតម្លៃ ៥.០០០-៧.០០០ ដុល្លារផងដែរ។
យោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ស្រីរកស៊ីផ្លូវភេទខុសច្បាប់មួយចំនួនគឺជានារីល្បីល្បាញនៅលើបណ្តាញសង្គម ដែលមានអ្នកគាំទ្ររាប់សែននាក់។
បច្ចុប្បន្នការស៊ើបអង្កេតកំពុងបន្ត៕
