នាយករងផ្នែកវេជ្ជសាស្ត្រអង់គ្លេសម្នាក់បានព្រមានថា អ្នកដែលបានទទួលវ៉ាក់សាំងកូវីដ១៩នៅតែអាចចម្លងវីរុសនេះទៅអ្នកដទៃបាន ហើយគួរតែបន្តអនុវត្តតាមច្បាប់បិទប្រទេសដដែលសិនទៅ។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃអាទិត្យទី២៤មករា។
សរសេរនៅក្នុងកាសែត Sunday Telegraph សាស្រ្តាចារ្យ Jonathan Van-Tam បានសង្កត់ធ្ងន់ថា អ្នកវិទ្យាសាស្ត្រ "មិនទាន់ដឹងពីផលប៉ះពាល់នៃវ៉ាក់សាំងលើការចម្លងមេរោគនោះទេ" ។
លោកបាននិយាយថា វ៉ាក់សាំងផ្តល់នូវក្តីសង្ឃឹម ប៉ុន្តែអត្រាឆ្លងត្រូវតែធ្លាក់ចុះយ៉ាងឆាប់រហ័ស។
រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយថា ៧៥% នៃមនុស្សអាយុខ្ទង់ ៨០ ឆ្នាំនៅចក្រភពអង់គ្លេសបច្ចុប្បន្នបានចាក់វ៉ាក់សាំងការពាររួចហើយ។
ទាំងវ៉ាក់សាំង Pfizer-BioNTech និងវ៉ាក់សាំង Oxford-AstraZeneca តម្រូវឱ្យមានការចាក់ចំនួនពីរដូស ហើយតួលេខ ៧៥ ភាគរយគឺសំដៅលើអ្នកដែលបានចាក់ដូសទីមួយ។
រដ្ឋមន្ត្រីរូបនេះបានប្រាប់អ្នកយកព័ត៌មានឈ្មោះ Andrew Marr របស់ BBC ថា មនុស្សនៅមណ្ឌលថែទាំប្រហែល ៣ ភាគ ៤ ក៏ត្រូវបានចាក់វ៉ាក់សាំងដែរ។
កន្លែងចាក់វ៉ាក់សាំងចំនួន ៣២ កន្លែងទៀតគ្រោងនឹងបើកដំណើរការនៅទូទាំងប្រទេសអង់គ្លេសក្នុងសប្តាហ៍នេះ។
លោកសាស្រ្តាចារ្យ Van-Tam បានមានប្រសាសន៍ថា "មិនមានវ៉ាក់សាំងណាមួយដែលមានប្រសិទ្ធភាព ១០០% ទេ ដូច្នេះគ្មានការការពារដែលត្រូវបានធានាទេ"។
គាត់បាននិយាយថា វាអាចទៅរួចក្នុងការឆ្លងវីរុសនេះក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍បន្ទាប់ពីទទួលបានការចាក់ថ្នាំ ហើយយកល្អគួរទុកពេលយ៉ាងហោចណាស់ ៣ សប្តាហ៍ដើម្បីឱ្យការឆ្លើយតបពីប្រព័ន្ធភាពស៊ាំអភិវឌ្ឍពេញលេញចំពោះមនុស្សវ័យចំណាស់៕
