បុគ្គលិកថែទាំមនុស្សចាស់ម្នាក់នៅអង់គ្លេសខំព្យាបាលដោយគីមីរាប់ឆ្នាំ ដោយសារវេជ្ជបណ្ឌិតពិនិត្យខុសថាគាត់កើតមហារីក

បុគ្គលិកថែទាំមនុស្សចាស់ជរាម្នាក់ដែលត្រូវគេធ្វើរោគវិនិច្ឆ័យខុសឃើញមានជំងឺមហារីកនោះ បាននិយាយថា វាជា "រឿងកំប្លែងដ៏សាហាវឃោរឃៅ" នៅពេលដែលលោកស្រីត្រូវបានគេប្រាប់ថា គ្រូពេទ្យពិនិត្យខុស តាមពិតលោកស្រីពុំមានជំងឺមហារីកទាល់តែសោះ។

លោកស្រី Janice Johnston មានកូនបួននាក់និយាយថា ពិភពលោកបានរលាយរលត់ នៅពេលលោកស្រីដឹងថាមានមហារីកឈាមដ៏កម្រនៅមន្ទីរពេទ្យ Kent & Canterbury Hospital ក្នុងឆ្នាំ២០១៧។

លោកស្រីបានធ្វើការព្យាបាលដោយគីមីអស់រយៈពេល១៨ខែ អំឡុងពេលលោកស្រីស្រកទម្ងន់ ចង់ក្អួត និងឈឺឆ្អឹង ហើយបានឈប់ពីការងារជាជំនួយការគិលានុបដ្ឋាយិកាម្នាក់។

នៅពេលដែលការព្យាបាលហាក់ដូចជាមិនមានប្រសិទ្ធភាព អ្នកជំនាញផ្នែកវេជ្ជសាស្ត្របានប្រើប្រាស់ថ្នាំឡើងមួយកម្រិតទៀត។

នៅឆ្នាំ ២០១៨ លោកស្រីបានស្វែងរកការព្យាបាលជំនួសនៅឯមន្ទីរពេទ្យ Guy's Hospital ក្នុងទីក្រុងឡុងដ៏។ អ្នកឯកទេសនៅទីនោះបានប្រាប់ថាលោកស្រីមិនមានជំងឺមហារីកទាល់តែសោះ ប៉ុន្តែមានជំងឺផ្សេង។

លោកស្រី Johnston ត្រូវបានផ្តល់សំណង ៧៥.៩៥០ អឺរ៉ូសម្រាប់ការខូចខាត បន្ទាប់ពីមន្ទីរពេទ្យ East Kent Hospitals University NHS Foundation Trust បានទទួលខុសត្រូវ។ បុគ្គលិកនៅមន្ទីរពេទ្យមិនបានធ្វើការស្កែនអ៊ុលត្រាសោន និងការធ្វើកោសល្យវិច័យខួរឆ្អឹង មុនពេលធ្វើរោគវិនិច្ឆ័យនោះទេ។

បន្ទាប់ពីការព្យាបាលដោយគីមីដោយមិនមានជំងឺមហារីកនោះ លោកស្រីក៏មានបញ្ហារាងកាយជាច្រើនរាប់មិនអស់ដោយសារការព្យាបាលគីមីនេះផងដែរ៕


 

adverise with khmeread