ឃាត់ជនសង្ស័យ៦នាក់ពាក់ព័ន្ធបទល្មើសថ្នាំញៀននៅសង្កាត់ស្វាយប៉ាក

ភ្នំពេញ ៖ កម្លាំងប៉ូលិសជំនាញការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានចុះបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវបេតុង ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៣រសៀល។ 

ប៉ូលិសនិយាយថា ដំបូងប៉ូលិសឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៅ យូសុះ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ។ វត្ថុតាងដកហូត ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៥កញ្ចប់ (ធំល្មម០២ តូច០៣) និងម៉ូតូ០១គ្រឿង។

ប៉ូលិសបន្តថា ដោយទទួលបានការអនុញ្ញាតពីលោក ឡុង ជាប ព្រះរាជអាជ្ញារង ​នៃអយ្យការអមសាលាដំបូងរាជធានី និងបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងប៉ូលិសជំនាញការិយាល័យ បន្តធ្វើរដ្ឋបាលនៅចំណុចខាងលើ ឃាត់ខ្លួនជនសង្ស័យ០៥នាក់ និងដកហូតវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៤កញ្ចប់តូច ជារបស់ឈ្មោះ ឃីម ប៊ុនណាក់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ (រក្សាទុក) និងម៉ូតូ០៤គ្រឿង។

ប៉ូលិសបន្តថា វត្ថុតាងដកហូតសរុបរួមមាន ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ០៩កញ្ចប់ (ធំល្ម០២កញ្ចប់ តូច០៧កញ្ចប់), ម៉ូតូចំនួន០៥គ្រឿង។បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមទាំងវត្ថុតាងយកមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

adverise with khmeread