ថាមពលព្រះអាទិត្យបានកំពុងបោះជំហានយ៉ាងធំក្នុងនាមជាប្រភពថាមពលគួរឱ្យទុកចិត្តបាន និងកកើតឡើងវិញ ប៉ុន្តែនៅមានសក្តានុពលជាច្រើនទៀតមិនទាន់ទាញយកមកប្រើអស់ទេ បើនិយាយក្នុងន័យប្រសិទ្ធភាពបន្ទះសូឡាប្រើនៅពេលយប់ និងប្រើក្នុងអាកាសធាតុមិនទៀងទាត់។ ឥឡូវគេបានបង្កើតដំណោះស្រាយមួយដោយអាចធ្វើឱ្យបន្ទះសូឡាអាចបង្កើតថាមពលបានចេញពីដំណក់ទឹកភ្លៀង។
គន្លឹះសំខាន់ចំពោះដំណើរការផលិតថាមពលពីដំណក់ទឹកភ្លៀងគឺ Graphene ជាវត្ថុធាតុ "អច្ឆិរយៈ" មួយដែលគេធ្លាប់ឮពីមុនមក។ ដោយសារដំណក់ទឹកភ្លៀវមិនមែនបង្កើតចេញពីទឹកបរិសុទ្ធ និងផ្ទុកជាតិអំបិលផ្សេងៗជាច្រើន ដែលបំបែកចេញជាជាតិដែកវិជ្ជមាន និងអវិជ្ជមាន ទើបក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Ocean University of China ក្នុងទីក្រុង Qingdao គិតថា ពួកគេអាចទាញថាមពលបានតាមរយៈប្រតិកម្មគីមីដ៏សាមញ្ញមួយ។ ជាពិសេស ពួកគេចង់ប្រើសន្លឹក Graphene ដើម្បីញែកជាតិដែកវិជ្ជមានក្នុងទឹកភ្លៀង (រួមមានសូដ្យ៉ូម កាល់ស្យ៉ូម និងអាម៉ូញាក់) និងបង្កើតវាទៅជាថាមពលអគ្គីសនី។
ការធ្វើតេស្តដំណាក់កាលដំបូង ដោយប្រើទឹកប្រៃបន្តិចដើម្បីបង្កើតភ្លៀងសិប្បនិម្មិត បានហុចលទ្ធផលជាទីគាប់ចិត្ត។ ក្រុមអ្នកស្រាវជ្រាវអាចបង្កើតថាមពលរាប់រយមីក្រូវ៉ុល និងសម្រេចបានការប្រែក្លាយភ្លៀងទៅជាប្រភពថាមពលចំនួន ៦,៥៣ ភាគរយចេញពីបន្ទះសូឡាពន្លឺព្រះអាទិត្យ។
សម្រាប់ការពិសោធន៍ជាក់ស្តែង ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់បន្ទះសូឡាតម្លៃថោកមួយដែលបំពាក់ជាមួយនឹងសន្លឹក Graphene ដើម្បីសាកល្បងបង្កើតថាមពលពីទឹកភ្លៀង ហើយលទ្ធផលចេញមកគឺវាអាចបង្កើតថាមពលចេញទាំងពីពន្លឺព្រះអាទិត្យ និងទឹកភ្លៀង។
ការពិសោធន៍នេះគឺគ្រាន់តែជាភស្តុតាងនៃគំនិតដែលបានរកឃើញប៉ុណ្ណោះ ដូច្នេះគេនៅធ្វើការប្រឹងប្រែងបន្ថែមទៀតដើម្បីបង្កើតជាបន្ទះសូឡាប្រើគ្រប់រដូវកាល។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ការរកឃើញរបស់ពួកគេនឹងក្លាយជា "អ្នកនាំផ្លូវសម្រាប់ម៉ូត" បន្ទះសូឡាគ្រប់រដូវកាលនាពេលអនាគត និងរួមចំណែកចំពោះឥទ្ធិពលនៃថាមពលកកើតឡើងវិញដែលកំពុងមានការពេញនិយមមួយនេះ៕
