សមត្ថកិច្ចចម្រុះចុះបង្ក្រាបដកហូតល្បែងបៀរចិននៅបូរីប៉េងហួត​បឹងស្នោ

ភ្នំពេញ ៖ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបដកហូតល្បែងបៀរចិន នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨និង៤៥នាទីព្រឹកនេះ នៅចំណុចផ្ទះលេខ ៦៨ ផ្លូវ R-១៣ បូរីប៉េងហួត​បឹងស្នោ គម្រោង​៨ ភូមិ​បឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ  តែមិនបានឃាត់ម្ចាស់ផ្ទះជួលឡើយ។

ប៉ូលិសនិយាយថា សមាសភាពក្រុមការងារចុះបង្ក្រាបបទល្មើស​ល្បែងពាណិជ្ជកម្ម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពៅ កល្យាណ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំងបទល្មើស​ល្បែងពាណិជ្ជកម្ម ចូលរួមដោយលោកវរសេនីយ៍ឯក សំ វ៉ាន់ឌី ប្រធានការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា, លោក កាន់ វរៈ ក្រឡាបញ្ជី​នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការរងប៉ូលិសខណ្ឌច្បារអំពៅ, ប៉ូលិសប៉ុស្ដិ៍និរោធ, លោកស្រី សូម៉ាជ សូរ៉ាវី ម្ចាស់ផ្ទះ, លោកស្រី CUI XUE (ចិន) អ្នកជួល, និងលោកស្រី សេង ចាន់លី អ្នកបកប្រែ។

ប៉ូលិសបន្តថា ​សមត្ថកិច្ចធ្លាប់បានចុះឆែកឆេរនិងបិទទីតាំងខាងលើកាលពីថ្ងៃទី១២ ធ្នូ ឆ្នាំ២០២០, ប៉ុន្តែម្ចាស់ផ្ទះជួលនៅតែបន្តបើកលេងដដែល។ បន្ទាប់មកសមត្ថកិច្ចចម្រុះបានចុះអនុវត្ត​បញ្ជា​ឱ្យបើកទ្វារផ្ទះលេខ៦៨ ផ្លូវ R-១៣ បូរីប៉េងហួត​បឹងស្នោ គម្រោង​៨ ភូមិ​បឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីចាប់យកវត្ថុតាងរួមមាន តុ ល្បែងម៉ាជាំង(បៀរចិន)ស្វ័យប្រវត្តិ ចំនួន០១គ្រឿង។ 

ប៉ូលិសបន្តថា សកម្មភាព​ចុះបើកទ្វារផ្ទះដកហូតវត្ថុតាងបានចប់សព្វគ្រប់ ព្រមទាំងបានធ្វើកំណត់ហេតុរួចរាល់នៅម៉ោង ៩និង៤៥នាទី ថ្ងៃខែឆ្នាំដដែល៕


   

adverise with khmeread