តុលាការឥណ្ឌាសម្រេចថា ការលូកស្ទាបដោយមិនសម្រាតខោអាវ មិនចាត់ទុកជាការបៀតបៀនផ្លូវភេទទេ

តុលាការនៅប្រទេសឥណ្ឌាបានសម្រេចថា ការលូកស្ទាបកុមារដោយមិនសម្រាតខោអាវ មិនចាត់ទុកជាការបៀតបៀនផ្លូវភេទទេ ជាហេតុទាក់ទាញកំហឹងពាសពេញប្រទេសនិងធ្វើឱ្យខកចិត្តជាខ្លាំងដល់ក្រុមអ្នកធ្វើយុទ្ធនាប្រឆាំងនឹងការរំលោភនិងបំពានផ្លូវភេទលើស្ត្រីនិងកុមារ។

នៅក្នុងសេចក្តីសម្រេចមួយកាលពីសប្តាហ៍មុនចៅក្រមតុលាការកំពូលនៃទីក្រុង Bombay លោកស្រី Pushpa Ganediwala បានរកឃើញថាបុរសអាយុ ៣៩ ឆ្នាំម្នាក់មិនមានទោសពីបទបៀតបៀនផ្លូវភេទលើក្មេងស្រីអាយុ ១២ ឆ្នាំទេ ខណៈដែលគាត់មិនបានដោះសម្លៀកបំពាក់របស់នាងតូចនោះទេ នេះមានន័យថា គ្មានការប៉ះពាល់ស្បែកទល់នឹងស្បែកនោះទេ។

យោងតាមឯកសាររបស់តុលាការ បុរសនោះបាននាំក្មេងនោះទៅផ្ទះរបស់គាត់ដោយយកលេសថាឱ្យផ្លែត្របែកដល់នាងកាលពីខែធ្នូឆ្នាំ ២០១៦ ខណៈពេលដែលនៅទីនោះគាត់បានលូកស្ទាបដើមទ្រូងរបស់នាងហើយព្យាយាមដោះខោទ្រនាប់នាងចេញ។

គាត់ត្រូវបានរកឃើញថាមានពិរុទ្ធពីបទបៀតបៀនផ្លូវភេទហើយត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំនៅតុលាការជាន់ទាប ប៉ុន្តែបន្ទាប់មកបានប្តឹងទៅតុលាការជាន់ខ្ពស់។

នៅក្នុងសាលក្រមនៅថ្ងៃទី ១៩ ខែមករា លោកស្រីចៅក្រម Ganediwala បានរកឃើញថាទង្វើរបស់គាត់នឹងមិនស្ថិតក្នុងនិយមន័យនៃ "ការបៀតបៀនផ្លូវភេទ" ទេ ដែលទោសនេះត្រូវជាប់ពន្ធនាគារយ៉ាងតិច ៣ ឆ្នាំ ឬអាចត្រូវបានពន្លាយពេលដល់ ៥ ឆ្នាំ។

យ៉ាងណាមិញច្បាប់ការពារកុមារពីបទល្មើសផ្លូវភេទរបស់ឥណ្ឌាក្នុងឆ្នាំ២០១២មិនបានចែងថា ស្បែកប៉ះនឹងស្បែកគឺចាំបាច់ត្រូវក្លាយជាបទល្មើសបៀតបៀនផ្លូវភេទនោះទេ។

ចៅក្រម Ganediwala បានកាត់ឱ្យបុរសនោះរួចខ្លួនពីការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ ប៉ុន្តែបានផ្តន្ទាទោសគាត់ពីបទលូកស្ទាបតិចតួចលើកុមារ ហើយបានផ្តន្ទាទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ៕

adverise with khmeread