adverise with khmeread 6e8c658c 7d9f 4854 9133 db0118e2f5c6

ព័ត៌មាន​លម្អិត​អំពី​ទូក​បុរាណ​នៅ​ខេត្តសៀមរាប​

      សៀមរាប ៖ ទូក​បុរាណ​ដែល​ម្ចាស់​ការដ្ឋាន​បូម​ខ្សាច់ ប្រទះឃើញ​កប់​នៅ ក្នុង​ដី​ជម្រៅ​ជាង​៧​ម៉ែត្រ នៅ​ក្នុងភូមិ​បំពេញរាជ្យ ឃុំ​លាងដៃ ស្រុង​អង្គរធំ ខេត្តសៀមរាប ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ទទួល យកមក​រក្សាទុក​ក្នុង​កសិណ​អង្គរវត្ត​ហើយ នា​រសៀល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦​។​ទូក​បុរាណ​នេះ​មាន​ប្រវែង ១២,៨៣​ម៉ែត្រ ជា​ប្រភេទ​ទូក​ឃ្លោង ត្រូវបាន​គេ​សន្និដ្ឋាន​បឋម​ថា ធ្វើ​ពី​ដើម​គគីរ និង​ជា​ប្រភេទ​ទូក​ដែល​ធ្វើ​ពី​ដើមឈើ​តែមួយ​ដើម​គត់​។​

       អ្នកជំនាញ​ពុំទាន់​ហ៊ាន​សន្និដ្ឋានថា វា​ត្រូវបាន​គេ​ធ្វើឡើង​ក្នុង សម័យ​កាលណា មាន​អាយុ​ប៉ុន្មាន​នៅឡើយ គេ​គ្រាន់តែ​ដឹងថា ទូក​ប្រភេទ​នេះ ជា​ទូក​កម្រ​ដែល​អ្នកស្រាវជ្រាវ​មិន​ងាយ បាន​ប្រទះឃើញ​។​

       លោក​សាស្ត្រាចារ្យ AZEDINE BESCHAOUCH លេខាធិការ​វិទ្យាសាស្ត្រ​នៃ​គណៈកម្មការ​ធិ​ការ​អាយ​ស៊ី​ស៊ី​-​អង្គរ ដែល​បាន​ទៅពិនិត្យ​មើល​ទូក​នៅ​ទីតាំង​រកឃើញ​ផ្ទាល់ បាន​បញ្ជាក់ថា យោងតាម​កំណ​កដី​ដែល​កប់​ពីលើ​ទូក​មាន ជម្រៅ​បែបនេះ វា​បញ្ជាក់​ប្រាប់ថា ទូក​នេះ​មាន​អាយុកាល​យូរ មកហើយ​។ ទូក​នេះ ជា​ប្រភេទ​ទូក​ដែល​គេ​លែង​ប្រទះឃើញ ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា​បន្តទៀត​ដែរ​។ នេះ​ជា​ពិតជា សំណាង​ណាស់​ដែល​យើង​បាន​ប្រទះឃើញ​វត្ថុ​បុរាណ ដែលជា បេតិកភណ្ឌ​ដ៏​មានតម្លៃ​បែបនេះ​។ លោក​សាស្ត្រាចារ្យ​បន្ថែមថា លោក​នឹង​យក​បំណែក​តូច​នៃ​ទូក​នេះ​ទៅធ្វើ​ការវិភាគ​តាម​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ ដើម្បី​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ទូក​នេះ​។​

        ឯកឧត្តម ហង់ ពៅ អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន គ្រប់គ្រង​ទឹក​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​ដែលថា គេ​បាន​ប្រទះឃើញ​ទូក​បុរាណ​នៅក្នុង ការដ្ឋាន បូម​ខ្សាច់​មក លោក​បាន​បញ្ជូន​ក្រុមការងារ​ធ្វើការ​ជាមួយ អាជ្ញាធរ​ភូមិ​ឃុំ ដើម្បី​ទទួលបាន​ព័ត៌មាន​ជាក់លាក់​តាំងពី​ថ្ងៃទី​១៧ ខែមីនា​មក​ម្លេះ តែ​រក​មិនឃើញ ដោយសារ​ម្ចាស់​ការដ្ឋាន​មិន​ព្រម សហការ​ជាមួយ​។ ប៉ុន្តែ ដោយ​ក្រុមការងារ​នៅតែ​បន្ត​សហការ ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ និង​ព្យាយាម​ពន្យល់​ម្ចាស់​ការដ្ឋាន​ឲ្យ បាន​យល់​អំពី​តម្លៃ​នៃ​បេតិកភណ្ឌ និង​ច្បាប់​នៃ​ការគ្រប់គ្រង​នេះ ជាច្រើនលើក​ច្រើនសា ទើប​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមេសា​នេះ​គាត់​ព្រម សហការ​ជាមួយ ហើយ​កាយ​យក​ទូក​ដែល​កប់​ទៅក្នុង​ភក់​នោះ ឡើងមក​វិញ​។​

        លោក  គឹម ឆន មេឃុំ​លាងដៃ​បាន​លើកឡើងថា លោក​បានទទួល ដំណឹង​នៃ​ការ​ឃើញ​ទូក​បុរាណ​នេះ​ជាង​ពីរ​សប្តាហ៍​មកហើយ ព្រម ទាំង​បាន​បញ្ជូន​ក្រុមប្រឹក្សាឃុំ​ទៅតាម​ដាន​ទៀតផង​។ តែ​ក្រោយមក ម្ចាស់​ការដ្ឋាន​បែរជា​និយាយថា មិនបាន​ឃើញ​ទូក​បុរាណ​នោះ ទៅវិញ ប្រហែលជា​ដោយសារតែ​គាត់​បារម្ភ​ពី​ការបិទ​ការដ្ឋាន បូម​ខ្សាច់​របស់គាត់ ទើប​គាត់​ព្យាយាម​លាក់​ពី​ពួកយើង​។ ប៉ុន្តែ ដោយ​ក្រុមការងារ​ចេះតែ​តាមដាន​ជាប្រចាំ និង​ពន្យល់​គាត់​សព្វគ្រប់ ទើប​គាត់​ព្រម​បង្ហាញ​ការពិត​ដល់​ពួកយើង​។​

        អ្នកស្រី សំ យិន រស់នៅ​ភូមិ​ប្រដាក និង​ជា​ម្ចាស់​ការដ្ឋាន​បូម​ខ្សាច់ ដែល​បាន​ប្រទះឃើញ​ទូក​បុរាណ​នេះ បាន​រៀបរាប់ថា អ្នកស្រី​បាន ប្រទះឃើញ​ទូក​នេះ​មែន តាំងតែ​ពី​ជាង​១០​ថ្ងៃមុន តែ​អ្នកស្រី បាន​ឲ្យ​គេ​ពន្លិច​ទៅវិញ​។ អ្នកស្រី​បញ្ជាក់ថា ការដែល​អ្នកស្រី ចេះតែ​លាក់​នោះ គឺ​ដោយសារ​អ្នកស្រី​បាន​យល់សប្តិ​ឃើញ​ម្ចាស់​ទូក គេ​មក​ប្រាប់ថា ត្រូវ​រៀបចំ​ទូក​ជា​តំណាង​ឲ្យ​គេ ព្រមទាំង​រៀបចំ បាយសី លេងភ្លេង​ជូន​គេ ទើប​អាច​យក​ទូក​ចេញ​បាន​។ ឥឡូវនេះ អ្នកស្រី​បានរៀបចំ​ទូក​តំណាង​ដែល​ធ្វើ​ពី​ដើម​ខ្លែង​គង់​ប្រវែង​២​ចំអាម​កន្លះ និង​រៀបចំ​បាយសី​១២​ថ្នាក់​បាន​រួចរាល់​ហើយ ទើប​អ្នកស្រី សម្រេច​ប្រាប់​ដល់​អាជ្ញាធរ​នៅពេលនេះ​។​

        សូមបញ្ជាក់ថា ក្នុង​ពិធី​ទទួល​ទូក​បុរាណ​នេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់ ម្ចាស់​ការដ្ឋាន​ក្នុងការ​រៀបចំ​បាយសី និង​ធ្វើ​ពិធី​តំឡើង​នៅ​ថ្ងៃទី​១៣ ខែមេសា​ខាងមុខ ព្រមទាំង ឧបត្ថម្ភ​ដល់​កម្ម​ករទាំង​២៥​នាក់ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន ផ្តល់​កិច្ចសហការ​ជ្រោមជ្រែង​នាំយក​ទូក​មក​រក្សាទុក​នៅ កសិណ​អង្គរវត្ត ដែល​នេះ​ជា​គំរូ​ល្អ​មួយ ក្នុង​កិច្ចសហការ​ល្អ​លើ ការងារ​អភិរក្ស​បេតិកភណ្ឌ​ដូនតា​ខ្មែរ​៕

​ប្រភព​៖ អាជ្ញាធរ​ជាតិ​អប្សរា​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់