លោក ប៊ីល ហ្គេត គូសវាសយុទ្ធសាស្ត្រទប់ស្កាត់ជំងឺរាតត្បាតនាពេលអនាគត

សប្បុរសជនមហាសេដ្ឋីប៊ីល ហ្គេតបានគូសវាសផែនការដ៏មហិច្ឆតាដើម្បីបញ្ឈប់ជំងឺរាតត្បាតនាពេលអនាគត ដោយអំពាវនាវឱ្យមានប្រព័ន្ធប្រកាសអាសន្នទូទាំងពិភពលោក ការធ្វើតេស្តទ្រង់ទ្រាយធំ "ក្រុមការងារឆ្លើយតបបឋម ៣០០០នាក់" ត្រៀមចាំជាស្រេចដើម្បីចាប់ផ្តើមសកម្មភាព និង ការចំណាយថវិការាប់ពាន់លានដុល្លារប្រចាំឆ្នាំ។

លោកហ្គេតបានសរសេរនៅក្នុងលិខិតប្រចាំឆ្នាំកាលពីថ្ងៃពុធថា "ដើម្បីទប់ស្កាត់កុំឱ្យការលំបាកដូចឆ្នាំមុនកើតឡើងម្តងទៀត ការត្រៀមខ្លួនបង្ការជំងឺរាតត្បាតត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្លាំងដូចដែលយើងប្រឈមមុខនឹងការគំរាមកំហែងនៃសង្គ្រាម។  ពិភពលោកមិនទាន់ត្រៀមខ្លួនសម្រាប់ការរីករាលដាលនៃជំងឺកូវីដ១៩ទេ។ ខ្ញុំគិតថា លើកក្រោយនឹងមានភាពខុសគ្នា"។

លោកហ្គេតនិងលោកស្រីមេលីនដា ដែលគ្រប់គ្រងអង្គការមូលនិធិហ្គេតនៅទីក្រុងស៊ីអាថល បានកំណត់ទស្សនៈវិស័យរបស់ខ្លួនចំពោះវិបត្តិបន្ទាប់ ខណៈដែលពិភពលោកកំពុងតស៊ូពន្យឺតជំងឺរាតត្បាត ដែលឆ្លងដល់មនុស្សជាង ១០០ លាននាក់។ បណ្តាប្រទេសលើពិភពលោក ភាគច្រើនជាប្រទេសអ្នកមាន កំពុងបង្កើនការចាក់វ៉ាក់សាំងនៅក្នុងការប្រណាំងប្រជែងដើម្បីលុបបំបាត់ជំងឺកូវីដ។

នៅគ្រាដែលជំងឺរាតត្បាតបន្ទាប់បានមកដល់ លោកហ្គេតសង្ឃឹមថានឹងបានឃើញ "ប្រព័ន្ធធ្វើរោគវិនិច្ឆ័យដ៏ធំមួយអាចធ្វើតេស្តមនុស្សបាន ២០ ភាគរយលើពិភពលោករាល់សប្តាហ៍"។ លោកនិយាយថា ការចំណាយសរុបដើម្បីការពារពិភពលោកពីជំងឺរាតត្បាតអនាគតស្តាប់ទៅពិតជាធំធេងណាស់ ប៉ុន្តែវាមិនអាចប្រៀបផ្ទឹមនឹងការខាតបង់ប្រហែល ២៨ លានលានដុល្លារពីការបំផ្លាញនៃជំងឺកូវីដ១៩បានឡើយ។

លោកបានបន្តថា "ពិភពលោកត្រូវតែចំណាយរាប់ពាន់លានដុល្លារដើម្បីសង្គ្រោះលុយរាប់លានលានដុល្លារ"៕ ប្រភព៖ Bangkok Post

adverise with khmeread