ក្រុមហ៊ុនម៉ៅការធ្វើផ្លូវនៅឥណ្ឌានឹងត្រូវហាមឃាត់និងផាកពិន័យជាលុយសន្ធឹកសន្ធាប់ បើធ្វើផ្លូវគុណភាពអន់

ជារៀងរាល់ឆ្នាំរដ្ឋាភិបាលឥណ្ឌាចំណាយប្រាក់រាប់តោនដើម្បីអភិវឌ្ឍផ្លូវថ្នល់និងហេដ្ឋារចនាសម្ព័ន្ធ។ ទោះយ៉ាងណា អ្នកបើកបរយានយន្តភាគច្រើននៅក្នុងប្រទេសមិនពេញចិត្តនឹងស្ថានភាពផ្លូវទេ។ នេះក៏ព្រោះតែផ្លូវថ្នល់និងផ្លូវហាយវ៉េភាគច្រើននៅក្នុងប្រទេសនេះស្ថិតក្នុងស្ថានភាពអន់ថយ ដោយផ្ទៃថ្នល់ពិបាកជិះ និងមានរណ្ដៅ អាចបង្កគ្រោះថ្នាក់។

អាជ្ញាធរជាតិផ្លូវហាយវ៉េនៃប្រទេសឥណ្ឌា (NHAI) បានដឹងអំពីបញ្ហានេះហើយបានចេញគោលនយោបាយមួយដើម្បីលេងធម៌ក្តៅចំពោះក្រុមហ៊ុនម៉ៅការសំណង់និងថែទាំផ្លូវ ដែលធ្វើផ្លូវគុណភាពអន់។

យោងតាមគោលការណ៍ថ្មី  ក្រុមហ៊ុនម៉ៅការទាំងអស់ដែលត្រូវបានរកឃើញថាធ្វើផ្លូវគុណភាពអន់ នឹងត្រូវទទួលខុសត្រូវចំពោះការផាកពិន័យពី១០លានរ៉ូពីនិង១០០លានរ៉ូពីតាមការសម្រេចរបស់អាជ្ញាធរ។ ក្នុងករណីមានគ្រោះថ្នាក់ដល់ស្លាប់មកពីផ្លូវខូច ក្រុមហ៊ុនម៉ៅការព្រមទាំងក្រុមហ៊ុនផ្តល់ប្រឹក្សាពាក់ព័ន្ធដទៃទៀតនឹងត្រូវផាកពិន័យ ៤០ លានរូពី និងហាមឃាត់ពីគម្រោងសាងសង់រយៈពេល២ឆ្នាំ។

ក្រុមហ៊ុនម៉ៅការសាងសង់និងថែទាំផ្លូវថ្នល់នឹងទទួលខុសត្រូវចំពោះការសងជំងឺចិត្តដល់ជនរងគ្រោះពីគ្រោះថ្នាក់ណាមួយដែលបណ្តាលមកពីរណ្ដៅ ផ្លូវខូច ឬសងការខូចខាតផ្សេងទៀតដោយខ្លួនឯង។ ក្រុមហ៊ុនម៉ៅការមិនត្រឹមតែរងការពិន័យនិងត្រូវហាមឃាត់ពីគម្រោងនាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងត្រូវសងថ្លៃទាំងអស់សម្រាប់ការងារកែលម្អផ្លូវដែលខូចខាតផងដែរ។ ការពិន័យនិងការហាមឃាត់ស្រដៀងគ្នាពីកិច្ចសន្យាសាងសង់នាពេលអនាគតនឹងត្រូវបានធ្វើឡើង ប្រសិនបើអ្នកពិគ្រោះយោបល់ណាម្នាក់ជាប់ពាក់ព័ន្ធនឹងការងារសង់ផ្លូវដែលបណ្តាលឱ្យមានគ្រោះថ្នាក់៕ ប្រភព ៖ Rushlane News

adverise with khmeread