ទូរទស្សន៍រដ្ឋចិនថា ចិនត្បាររន្ធគូថជម្រៅ ៥ សង់ទីម៉ែត្រដើម្បីតេស្តរកកូវីដ១៩ ព្រោះវាសុក្រឹតជាងត្បារសំណាកតាមមាត់និងច្រមុះ

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍កាលពីថ្ងៃពុធថា ចិនបានចាប់ផ្តើមប្រើវិធីត្បារតាមរន្ធគូថដើម្បីធ្វើតេស្ដលើអ្នកដែលខ្លួនចាត់ទុកថាមានហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ១៩។ ការត្បារតាមរន្ធគូថត្រូវបានធ្វើឡើងដោយញុកឈើចង្កាក់មានសំឡីនៅចុងចូលទៅក្នុងរន្ធគូថប្រហែល៣ទៅ៥សង់ទីម៉ែត្រ ហើយត្បារឈើនោះប្រហែល៤ទៅ៥ដង មុនពេលទាញចេញមកវិញ។

យោងតាមវីដេអូណែនាំ ដំណើរការត្បារតាមរន្ធគូថអាចរួចរាល់ក្នុងរយៈពេល ១០ វិនាទី។

សារព័ត៌មាន Bloomberg បានចុះផ្សាយនៅថ្ងៃទី ២៧ ខែមករាផងដែរថា គ្រូនិងនិស្សិតជាង ១.០០០ នាក់នៅទីក្រុងប៉េកាំងត្រូវបានផ្តល់នូវវិធីសាស្ដតេស្ដកូវីដ១៩តាមរយៈរន្ធគូថ ច្រមុះ និងបំពង់កកាលពីសប្តាហ៍មុន បន្ទាប់ពីមានករណីមួយត្រូវបានរកឃើញនៅក្នុងបរិវេណសាលា។

យោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយដោយក្រុមអ្នកស្រាវជ្រាវជនជាតិចិននៅក្នុងខែសីហាឆ្នាំ ២០២០ បានឱ្យដឹងថា អ្នកជាពីជំងឺនេះមួយចំនួនដែលគេយកសំណាកពីរន្ធគូថ បានតេស្ដវិជ្ជមានម្តងទៀត ទោះបីជាពួកគេធ្វើតេស្តអវិជ្ជមានតាមសំណាកពីបំពង់កក៏ដោយ។

ទូរទស្សន៍ CCTV បាននិយាយថា ការត្បាររន្ធគូថនឹងមិនត្រូវបានប្រើជាទូទៅដូចវិធីសាស្រ្តផ្សេងទេ ព្រោះបច្ចេកទេសនេះមិនសូវស្រណុកចិត្តសម្រាប់មនុស្សទូទៅ៕

adverise with khmeread