ឃាត់មនុស្ស៣នាក់វាយគ្នាទៅវិញទៅមក នៅស្រុកស្អាង

កណ្តាល ៖ ភាគីទំនាស់គ្នា៣នាក់ត្រូវបានប៉ូលិសស្រុកស្អាងឃាត់ខ្លួនក្នុងករណីប្រើអំពើហិង្សាដោយចេតនាវាយគ្នាទៅវិញទៅមក និងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩ និង៤០នាទីយប់ នៅចំណុចភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យមានចំនួន០២ក្រុម ហើយក្រុមទី១ មានគ្នា ២នាក់រួមមាន ១-ឈ្មោះ អាត អុន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ និង២-ឈ្មោះ អាត អាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។ ទាំងពីរនាក់ត្រូវជាបងប្អូនបង្កើត មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន)។

ចំណែកក្រុមទី២ មានគ្នាម្នាក់គឺឈ្មោះឈន ធូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក ១-កាំបិតប៉័ងតោ ចំនួន ០១ ផ្លែដែក ដងឈើ មានប្រវែង ៣០ស.ម និង
២-ស្ន ០១ដើម ផ្លែដែក មានប្រវែង ៧៧ស.ម ដងឈើ មានប្រវែង ១.៦៧ម។

ប៉ូលិសនិយាយបន្តថា កន្លងមកក្រុមគ្រួសាររបស់ភាគីទាំងពីរធ្លាប់មានទំនាស់នឹងគ្នា ហើយក៏ឈានទៅដល់មានការប្រើអំពើហិង្សានិងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិគ្នា។ បន្ទាប់មកសមត្ថកិច្ចបានធ្វើការកោះហៅភាគីទាំងសងខាងមកធ្វើការផ្សះផ្សាសម្របសម្រួលគ្នានៅអធិការដ្ឋានប៉ូលិសស្រុកស្អាង។ 

ក្រោយមកភាគីទី១ ទទួលបានលិខិតកោះហៅរបស់សមត្ថកិច្ចហើយ ស្រាប់តែដល់វេលាម៉ោងកើតហេតុភាគីទីមួយទាំងពីរនាក់ បានបើកបរម៉ូតូមួយគ្រឿង ប្រដាប់ដោយកាំបិតប៉័ងតោមួយដើម សំដៅទៅរកផ្ទះរបស់ភាគីទី២ ហើយបានយកដុំថ្មគប់ទៅលើដំបូលផ្ទះរបស់ភាគីទី២ ស្រាប់តែភាគីទី២បានចេញមកហើយបានយកស្នមកដេញចាក់ភាគីទី១ ក្រោយមកភាគីទី១ បានយកកាំបិតប៉័ងតោគប់ទៅលើភាគីទី២ តែពុំបានបណ្តាលឱ្យរងរបួសនោះទេ។

បន្ទាប់ទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ូលិសប៉ុស្ដិ៍ព្រែកអំបិល សហការជាមួយកម្លាំងប្រជាការពារបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងអស់រួមនឹងវត្ថុតាងមកអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

-->
adverise with khmeread