បង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់នៅស្រុកមុខកំពូល តែអ្នកលេងរត់អស់

កណ្តាល ៖ ប៉ូលិសស្រុកមុខកំពូលបានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ជល់មាន់ នៅ ចំណុចដីឡូត៍របស់ឈ្មោះផូ ស្ថិតនៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃពុធទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២ និង៤៥នាទី ត្រូវអ្នកលេងនាំគ្នារត់អស់ តែបានរឹបអូសវត្ថុតាងមួយចំនួន។

ប៉ូលិសនិយាយថា ជនសង្ស័យជាច្រើននាក់បាននាំគ្នារត់គេចខ្លួនអស់ ហើយប៉ូលិសបានរឹបអូសវត្ថុតាង ​ម៉ូតូចំនួន០៣គ្រឿង (១.ម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IB-1047 ចំនួន០១គ្រឿង,២.ម៉ូតូម៉ាកស្មាក់វី ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BW-8022 ចំនួន០១គ្រឿង និង៣.ម៉ូតូម៉ាកវ៉េវ ពាក់ស្លាកលេខ ប.3265 ភព1 ចំនួន ០១គ្រឿង) និងកន្ត្រកដាក់មាន់ចំនួន០១។

ប៉ូលិសបន្តថា ​នៅថ្ងៃកើតហេតុវេលាម៉ោង១២ និង៣០នាទីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ថា មានការលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅកន្លែងកើតហេតុខាងលើ​។ 

ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសំបួរមាស០២នាក់សហការជាមួយកម្លាំងប្រជាការពារឃុំ០៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក កៅ ចេនឡា នាយប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ ​ហើយធ្វើការបង្ក្រាបពេលនោះក្រុមអ្នកជល់មាន់បានរត់គេចខ្លួនអស់, បន្សល់ទុកវត្ថុតាងដូចបានរៀបរាប់ខាងលើ។

ចំពោះវត្ថុតាងខាងលើសមត្ថកិច្ចធ្វើការដកហូតយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសំបួរមាស ដើម្បីបន្តចាត់ការតាមនីតិវិធី៕

-->
adverise with khmeread