បុរសម្នាក់កំពុងបើកម៉ូតូតាមផ្លូវសុខៗត្រូវបានរថយន្តស៊េរីទំនើបម៉ាក MG6 បុកស្លាប់

ភ្នំពេញ​ ៖​ ​បុរសម្នាក់កំពុងបើកម៉ូតូតាមផ្លូវសុខៗក៏ត្រូវបានរថយន្តស៊េរីទំនើបម៉ាក MG6 មួយគ្រឿងបើកលឿនពេកមកបុកពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ​ នៅចំណុចតាមបណ្តោយផ្លូវបេតុង ក្នុងភូមិប្រការ​ សង្កាត់ព្រៃស ខណ្ឌដង្កោ​ កាលពីវេលាម៉ោង១០​ និង៣០នាទីយប់ថ្ងៃទី២៨ ខែមករា​ ឆ្នាំ២០២១ ។

សមត្ថកិច្ចនិយាយថា សពជនរងគ្រោះឈ្មោះ ធឿន ប៊ុនផៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុក-ខេត្តត្បូងឃ្មុំបើកបរម៉ូតូម៉ាកស្មាស់វី​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 1BP-2773 បើកតាមផ្លូវបេតុងពីលិចទៅកើត។

សមត្ថកិច្ចបន្តថា លុះដល់ចំណុចខាងលើក៏ត្រូវរថយន្តម៉ាក MG6 មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 2BI-1749 បើកបរដោយឈ្មោះ មឿន វណ្ណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅស្រុកស្ទោង ខេត្តកំពង់ធំ​ ធ្វើដំណើរ តាមបណ្ដោយផ្លូវព្រៃស​ ទិសដៅពីកើតទៅលិចលឿនពេកចូលចំណែកផ្លូវម៉ូតូ ជ្រុលចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកស្មាស់វី​ពេញទំហឹង​ បណ្ដាលឱ្យជនរងគ្រោះបើកម៉ូតូប៉ើងជិត៣០ម៉ែត្របែកក្បាលស្លាប់ភ្លាមៗតែម្តង។

ភ្លាមនោះតៃកុងរថយន្តបង្កក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួចបញ្ជូនទៅប៉ុស្តិ៍រដ្ឋបាលព្រៃស​ ដើម្បីធ្វើការសួរនាំ​ និងប្រគល់ឱ្យសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ។ ដោយឡែកសពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

-->
adverise with khmeread