ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សៗកំពុងសម្រុកចេញពីចិនចូលវៀតណាម

ខណៈក្រុមហ៊ុនបច្ចេកវិជ្ជាយក្សៗកំពុងចាប់ផ្តើមងាកចេញពីមជ្ឈមណ្ឌលផលិតកម្មដែលមានមូលដ្ឋាននៅប្រទេសចិន ក្រុមហ៊ុនអន្តរជាតិជាច្រើនរួមទាំងអ្នកផ្គត់ផ្គង់ធំៗសម្រាប់ Apple, Sony និង Microsoft កំពុងស្វែងរកទីលំនៅថ្មីនៅប្រទេសវៀតណាម។

ខណៈក្រុមហ៊ុនផលិតកម្មជាប់កិច្ចសន្យាធំៗដូចជា Foxconn, Luxshare-ICT និង Pegatron ប្រកាសអំពីការពង្រីកមជ្ឈមណ្ឌលផលិតកម្មនៅប្រទេសវៀតណាម ក្រុមអ្នកជំនាញរំពឹងថានឹងមានរលកថ្មីនៃការវិនិយោគចូលក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

យ៉ាងណាមិញ អ្វីដែលគេមិនទាន់ដឹងនោះគឺថាតើវៀតណាមនឹងស្វែងរកវិធីយ៉ាងណាដើម្បីប្រមូលផ្ដុំក្រុមហ៊ុនធំៗទាំងអស់ដាក់ចូលក្នុងប្រទេសខ្លួន រួចប្រែក្លាយវៀតណាមទៅជាខ្សែសង្វាក់ផ្គត់ផ្គង់របស់ពិភពលោក។

នៅថ្ងៃទី ១៨ មករាគណៈកម្មាធិការប្រជាជនខេត្ត Bac Giang ភាគខាងជើងបានចេញវិញ្ញាបនបត្រវិនិយោគសម្រាប់សាងសង់រោងចក្រ Foxconn ថ្មីនៅសួនឧស្សាហកម្ម Quang Chau ។

ជាមួយនឹងការវិនិយោគដែលបានចុះបញ្ជីមានទឹកប្រាក់ចំនួន ២៧០ លានដុល្លារអាមេរិក គម្រោងនេះគឺពាក់ព័ន្ធនឹងការបង្កើតបណ្តាញដំឡើងសម្រាប់ iPad និងកុំព្យូទ័រ Mac របស់ Apple ដែលអាចផលិតយ៉ាងតិច ៨ លានគ្រឿងក្នុងមួយឆ្នាំ។

នាពេលថ្មីៗនេះអាជ្ញាធរ Bac Giang ក៏បានចេញវិញ្ញាបនបត្រចុះបញ្ជីការវិនិយោគដល់គម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួន ៣ ផ្សេងទៀតក្នុងវិស័យអគ្គិសនីនិងបច្ចេកវិជ្ជា។

គម្រោងមួយក្នុងចំណោមគម្រោងទាំងនេះនឹងត្រូវអនុវត្តដោយ Ja Solar PV VN ដែលជាប្រតិបត្តិការផលិត គ្រាប់ថ្មថាមពលពន្លឺព្រះអាទិត្យដោយមានទឹកប្រាក់វិនិយោគ ២១០ លានដុល្លារពីក្រុមហ៊ុនវិនិយោគ Ja Solar នៅហុងកុង។

ខេត្ត Bac Giang គ្រាន់តែជាខេត្តមួយក្នុងចំណោមខេត្តជាច្រើនរបស់វៀតណាមដែលបើកទ្វារទទួលក្រុមហ៊ុនបច្ចេកវិជ្ជាអន្តរជាតិធំប៉ុណ្ណោះ៕ ប្រភព ៖ tuoitrenews.vn

-->
adverise with khmeread