ចិនប្រកាសដាច់ណាត់ថា ការប្រកាសឯករាជ្យរបស់តៃវ៉ាន់មានន័យស្មើធ្វើសង្គ្រាមជាមួយចិន

ចិនបានបង្កើនភាពតានតឹងជាមួយតៃវ៉ាន់ដោយបង្កើនសកម្មភាពយោធានិងប្រកាសថា "ឯករាជ្យមានន័យសង្គ្រាម" បើទោះបីជាសហរដ្ឋអាមេរិកសន្យាគាំទ្រដល់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ក៏ដោយ។

កោះតៃវ៉ាន់ត្រូវបានចិនអះអាងថាជាទឹកដីមួយរបស់ខ្លួន ខណៈប៉េកាំងបានដាក់ពង្រាយយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកចូលដែនអាកាសកោះនេះនាចុងសប្តាហ៍នេះ។

ចិនជឿជាក់ថារដ្ឋាភិបាលដែលបានជ្រើសរើសតាមបែបប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់កំពុងចង់ប្រកាសឯករាជ្យកោះតៃវ៉ាន់ជាផ្លូវការ ប៉ុន្តែប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បាននិយាយម្តងហើយម្តងទៀតថាកោះនេះគឺជាប្រទេសឯករាជ្យរួចទៅហើយ។

លើសពីនេះទៀតរដ្ឋបាលថ្មីរបស់លោកបាយដិនបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួននឹងមិនងាកចេញពីជំហរសន្តិសុខម៉ឺងម៉ាត់ចំពោះចិនឡើយ។

នៅក្នុងការអំពាវនាវនិងសេចក្តីថ្លែងការណ៍ជាច្រើនលោកបាយដិននិងមន្ត្រីជាន់ខ្ពស់របស់លោកបានបញ្ជាក់យ៉ាងច្បាស់នូវការគាំទ្ររបស់ពួកគេចំពោះសម្ព័ន្ធមិត្តអាស៊ីរបស់ពួកគេ ក្នុងនោះជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងហ្វីលីពីននឹងទទួលបានការធានាថា សហរដ្ឋអាមេរិកនឹងបដិសេធការទាមទារទឹកដីជម្លោះរបស់ចិន។

ទោះបីជាបែបនេះក្តីអ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំខែថា កោះតៃវ៉ាន់គឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន។

លោកបានមានប្រសាសន៍ថា "សកម្មភាពយោធាដែលធ្វើឡើងដោយកងទ័ពរំដោះប្រជាជនចិននៅច្រកសមុទ្រតៃវ៉ាន់គឺជាសកម្មភាពចាំបាច់ ដើម្បីដោះស្រាយស្ថានភាពសន្តិសុខបច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់ និង ដើម្បីការពារអធិបតេយ្យភាពនិងសន្តិសុខជាតិ។ សកម្មភាពយោធាគឺជាការឆ្លើយតបយ៉ាងឱឡារិកចំពោះការជ្រៀតជ្រែកនិងការបង្កហេតុពីខាងក្រៅដោយកងកម្លាំងឯករាជ្យរបស់តៃវ៉ាន់"។

លោក Wu Qian បាននិយាយថាមានតែមនុស្សមួយក្តាប់តូចប៉ុណ្ណោះនៅតៃវ៉ាន់ដែលកំពុងស្វែងរកឯករាជ្យពីចិនសម្រាប់កោះនេះ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread