រថយន្តដឹកបញ្ញើ២៥ខេត្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បើកឡើងលើសួនច្បារបុកបង្គោលប៉ាណូ

ភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយចំណុះ៣,៨តោនដឹកបញ្ញើ២៥ខេត្តក្រុងរបស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ បើកឡើងលើសួនច្បារទៅបុកបង្គោលប៉ាណូ រួញកាប៊ីនបណ្ដាលឱ្យកៀបរបួសធ្ងន់ស្រាល២នាក់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចរង្វង់មូលតាព្រហ្ម សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្កគឺម៉ាកហ៊ីយ៉ាន់ដាយប្រភេទឃ្លប់ដឹកទំនិញបញ្ញើ២៥ខេត្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ចំណុះ៣តោន៨ មានពណ៌ ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3F-5773 បុកបង្គោលប៉ាណូ៧មករាខួបលើកទី៤២ ឆ្នាំ១៩៧៩.២០២១។

ប្រភពបន្តថា ដំបូងឡើយគេឃើញរថយន្ត ហ៊ីយ៉ាន់ដាយ ចំណុះ៣តោន៨ ដឹកបញ្ញា២៥ខេត្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានបើកតាមបណ្ដោយផ្លូវជាតិលេខ៦A ទិសដៅពីកើតទៅលិច។ 

ខណៈមកដល់ចំណុចកើតហេតុខាងលើដែលជាផ្លូវកោងផង ហើយតៃកុងបើកលឿនបួងចង្កូតមិនទាន់បណ្ដាលឱ្យហោះឡើងលើខឿនសួនច្បារ ទៅបុកប៉ាណូ បណ្តាលឱ្យរួញកាប៊ីនកៀបជាប់តែកុងរងរបួសធ្ងន់ ក្រោយមកប្រជាពលរដ្ឋរួមទាំងអ្នកដំណើរព្រមទាំងបុគ្គលិកក្រុមហ៊ុនវីរៈប៊ុនថាំ បាននាំគ្នាគាស់ប្រើរយៈពេលមួយម៉ោងជាង ទើបគាស់តែកុងចេញយកទៅសង្គ្រោះភ្លាមៗ។តៃកុងរងរបួសធ្ងន់បាក់ជើង។

បើតាមសម្តីព្រូឡានកើតហេតុខាងលើបានប្រាប់ឱ្យដឹងថា គាត់ឃើញរថយន្តហោះឡើងលើសួនច្បារគាត់ក៏បើកទ្វារ រថយន្តលោតចេញបណ្ដាលឱ្យរងរបួសស្រាល។ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុងចំពោះបង្គោលផ្លាកប៉ាណូវិញ រងការកំពិតបន្តិចបន្តួច។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

-->
adverise with khmeread