ភ្ញាក់ផ្អើលខ្លាំង! កូនស្រីលាក់សាកសពម្តាយក្នុងទូទឹកកក ១០ ឆ្នាំនៅផ្ទះល្វែងក្នុងទីក្រុងតូក្យូ

ប្រព័ន្ធផ្សព្វផ្សាយនានាបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ស្ត្រីជនជាតិជប៉ុនម្នាក់ ដែលលាក់សាកសពម្តាយបង្កើតនៅក្នុងទូទឹកកកក្នុងផ្ទះល្វែងរយៈពេល១០ឆ្នាំ បានប្រាប់ប៉ូលិសថា គាត់ខ្លាចគេបណ្តេញចេញពីផ្ទះជួល ប្រសិនបើគេដឹងថាម្តាយគាត់ស្លាប់បាត់។

ប៉ូលិសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ស្ត្រីឈ្មោះ Yumi Yoshino អាយុ ៤៨ ឆ្នាំត្រូវបានឃុំខ្លួនពីបទសង្ស័យ "បោះបង់ចោលនិងលាក់សាកសពស្ត្រីម្នាក់" ដែលគេរកឃើញកាលពីថ្ងៃពុធទី២៧មករានៅក្នុងទូទឹកកកក្នុងផ្ទះល្វែងជួលមួយក្នុងទីក្រុងតូក្យូ។

សារព័ត៌មាននានាបានដកស្រង់ប្រភពប៉ូលិស ថា Yumi Yoshino និយាយថា គាត់បានលាក់សាកសពកាលពី ១០ ឆ្នាំមុនដោយសារគាត់មិនចង់រើចេញពីផ្ទះដែលគាត់រស់នៅជាមួយម្តាយ បន្ទាប់ពីម្តាយបានស្លាប់ទៅ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូផ្សាយថា ស្ត្រីជាម្តាយ ដែលមានអាយុប្រហែលជា ៦០ ឆ្នាំនៅពេលស្លាប់ គឺជាអ្នកជួលអគារផ្ទះល្វែងក្នុងក្រុងតូក្យូ។

របាយការណ៍ព័ត៌មានសរេសេរថាលោកស្រី Yumi Yoshino ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះល្វែងកាលពីពាក់កណ្តាលខែមករានេះ បន្ទាប់ពីខកខានបង់ថ្លៃជួល ហើយអ្នកសម្អាតម្នាក់បានរកឃើញសាកសពនៅក្នុងទូទឹកកក ដែលលាក់នៅក្នុងទូខោអាវ។ ការធ្វើកោសល្យវិច័យមិនអាចកំណត់ដឹងពេលវេលានិងមូលហេតុនៃការស្លាប់របស់ស្ត្រីនោះបានទេ៕


 

-->
adverise with khmeread