ជនជាតិចិនខូចចិត្តគ្រប់គ្នាពេលឃើញ ចៅស្រីអាយុ ៤ ឆ្នាំខំតោងដៃលោកតាកុំឱ្យឆ្លងថ្នល់រំលោភភ្លើងក្រហម គាត់នៅតែឆ្លង ត្រូវឡានបុកស្លាប់ ចំណែកចៅរបួសស្រាល

វីដេអូគួរឱ្យតក់ស្លុតមួយពីប្រទេសចិនថ្មីៗនេះបានថតជាប់នូវគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយពាក់ព័ន្ធនឹងលោកតាម្នាក់និងចៅស្រីរបស់គាត់ ពេលកំពុងឆ្លងផ្លូវប្រសព្វមួយ។ ក្រោយមក បុរសចំណាស់នោះបានស្លាប់ខណៈចៅស្រីរងរបួសស្រាល។

គ្រោះថ្នាក់នេះបានធ្វើឱ្យជនជាតិចិនខូចចិត្តជាខ្លាំង ដោយសារនាងតូចអាយុ ៤ ឆ្នាំខំប្រឹងព្យាយាមទាញដៃជីតារបស់នាងឱ្យត្រឡប់មកកន្លែងសុវត្ថិភាពវិញ តែគាត់ចចេស រំលោភភ្លើងក្រហម ហើយដើរទៅមុខទៀត។

យោងតាមសារព័ត៌មាន ThePaper.cn គ្រោះថ្នាក់នេះបានកើតឡើងនៅទីក្រុងពូធៀនក្នុងខេត្តហ្វូចៀនប្រទេសចិន។ វីដេអូនៃឧបទ្ទវហេតុនេះថតបាននៅដើមខែមករានេះ ប៉ុន្តែទើបចេញផ្សាយនៅលើគណនីផ្លូវការរបស់នាយកដ្ឋានប៉ូលិសចរាចរណ៍ក្រុងនៅថ្ងៃទី ២៧ ខែមករា។

នៅក្នុងវីដេអូឃ្លីបរយៈពេល ៤០ វិនាទី ភ្លើងសម្រាប់អ្នកថ្មើរជើងបានលោតទៅក្រហមនៅផ្លូវបំបែក ប៉ុន្តែមិនដឹងហេតុផលអ្វី បែរជាបុរសចំណាស់នោះបន្តដំណើរទៅមុខ ទាញដៃចៅស្រីស្ទាក់ស្ទើររបស់គាត់ទៅជាមួយ។

ម៉ូតូមួយគ្រឿងនិងរថយន្ដខ្មៅមួយគ្រឿងបានបើកចៀសផុតពីអ្នកទាំងពីរទាំងប្រផុតប្រផើយ។

ខណៈទៅដល់កណ្តាលថ្នល់ ឡានខ្មៅទីពីរក៏បត់មកបុកផាំងតែម្តង។ កម្លាំងបុកបានបណ្តាលឱ្យតានិងចៅហោះប៉ើងធ្លាក់មកដីវិញ។ គេឃើញបុរសនោះដេកស្តូកស្តឹង ខណៈចៅស្រីអាចក្រោកឈរបាន។

ក្រោយវីដេអូបង្ហោះលើបណ្តាញសង្គម អ្នកលេងអ៊ីនធឺណេតជាច្រើនបានសម្តែងការសោកស្តាយនិងអាណិតអាសូរក្មេងស្រី និង ស្តីបន្ទោសលោកតានោះ។ ពួកគេបង្ហាញការភ្ញាក់ផ្អើលចំពោះក្មេងស្រីតូចអាយុ ៤ ឆ្នាំសោះ តែដឹងខុសត្រូវជាងលោកតានាងទៅទៀត។ 

ស្ត្រីម្នាក់បានសរសេរថា "លោកតាអាយុវែងណាស់ តែកម្រិតការយល់ដឹងខ្លីជាងក្មេងស្រីតូចនេះឆ្ងាយណាស់"៕ 

 

-->
adverise with khmeread