ឆាបឆេះព្រៃហើយរាលដាលដល់គំនរអុសរោងចក្រក្ដារបន្ទះរបស់ឈ្មោះជា ពៅ​ ជិតជើងភ្នំប្រុសភ្នំស្រី

កំពង់ចាម​ ៖ មានអគ្គីភ័យបានឆាបឆេះព្រៃ ហើយរាលដាលដល់គំនរអុសសំបកកំទេចឈើកុងផ្លាកេ​ ទំហំ២០០គុណនឹង២០០ម៉ែត្រ កម្ពស់០.៥ម៉ែត្រ របស់រោងចក្រក្ដារបន្ទះ ជិតជើងភ្នំប្រុសភ្នំស្រី ស្ថិតនៅក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម  កើតឡើង នៅម៉ោងប្រមាណ ១១ ថ្ងៃទី៣០ ខែ០១​ ឆ្នាំ​២០២១ម្សិលមិញ។

សមត្ថកិច្ចនិយាយថា រោងចក្រក្ដារបន្ទះជាកម្មសិទ្ធិរបស់ឈ្មោះ ជា ពៅ​ អាយុ៤១ឆ្នាំ (ជិតជើងភ្នំប្រុសភ្នំស្រី) ស្ថិតនៅក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែល​ភូមិសាស្ត្រនោះ មានសាលារៀន ផ្ទះប្រជាពលរដ្ឋជាច្រេីន​នៅក្បែរៗគ្នា​ ពិសេសរោងចក្រតែម្ដង។

សមត្ថកិច្ចបន្តថា ក្រោយទទួលបានព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ ឯម កុសល​ ស្នងការប៉ូលិសខេត្តកំពង់ចាម បានបញ្ជាឱ្យបញ្ចេញរថយន្តពន្លត់អគ្គីភ័យចំនួន១១គ្រឿង ក្នុង​នោះ​រថយន្តថ្នាក់ខេត្តចំនួន០៣គ្រឿង​ និងរថយន្ដមកពីតាមបណ្ដាអធិការដ្ឋានស្រុក​ ចំនួន​៨គ្រឿង​​ គ្រឿងចក្រចំនួន០២គ្រឿង​ដោយប្រើប្រាស់​កម្លាំងសរុបប្រមាណជាង១០០នាក់ ចេញអន្តរាគមន៍ និងប្រតិបត្តិការជាបន្ទាន់ ដេីម្បីទប់ស្កាត់ការឆេះរីករាលដាល។

កិច្ចប្រតិបត្តិការ បានចំណាយពេលប្រមាណជាង៦ម៉ោង ទើបសមត្ថកិច្ចគ្រប់គ្រងសភាពការណ៍មិនបណ្ដាលឱ្យឆេះឆ្លងរីករាលដាលបន្ត​ នៅវេលាម៉ោង ៦ ដោយប្រើប្រាស់ទឹកអស់៤២ឡាន គិតជាម៉ែត្រគីប ស្មើ ២២៦ម៉ែត្រគូប។ ចំពោះមូលហេតុឆេះប៉ូលិសកំពុងស្រាវជ្រាវបន្ត។

សូមបញ្ជាក់​ថា​ គំនរភ្លើងឆាប់ឆេះនោះ​ ​នៅមិនទាន់រលត់អស់ទាំងស្រុងនៅឡើយ​ ដោយសាគំនរសំបកអុសកំទេចឈើកុងផ្លាកេ​នោះ មានគំនរក្រាសពេក​ ទើបសមត្ថកិច្ចមិនអាចបាញ់ទឹកពន្លត់បានទាំងស្រុង​ ហើយនៅក្នុងរណ្ដៅ​ដីជម្រៅប្រមាញជាង៤ម៉ែត្រ​ និងមានរបងហ៊ុំព័ន្ធជុំវិញ។ ប៉ុន្តែសមត្ថកិច្ចក៏បានប្រើប្រាស់គ្រឿងចក្រដើម្បីកាយគំនរអុសនោះកុំឱ្យឆ្លងរាលដាលបន្ដទៀត​។ 

បច្ចុប្បន្ន​កម្លាំងសមត្ថកិច្ចក៏បានត្រៀមរថយន្ដអគ្គីភ័យចំនួន០២គ្រឿង​ និងកម្លាំងអន្តរាគមន៍​ ដើម្បី​ត្រៀមចេញអន្តរាគមន៍ឱ្យបានទាន់ពេលវេលា​។ កិច្ចប្រតិបត្តិការនេះ​ លោកឧត្ដមសេនីយ៍ស្នងការ​ក៏បានឧបត្ថម្ភប្រេងសាំង​ ​អាហារ និងថវិកាមួយចំនួនជូនដល់កម្លាំងពន្លត់អគ្គីភ័យ​ និងកម្លាំងអន្តរាគមន៍​ផងដែរ៕


 

-->
adverise with khmeread