រថយន្តឡិចស៊ីសបើកជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស៧មករាបាក់ដែកទ្របង្កាន់ដៃអស់១ដើម

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដមួយគ្រឿងឡើងលើស្ពានអាកាស៧មករាមិនប្រយ័ត្នជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្ដាលឱ្យបង្កាន់ដៃស្ពានអាកាសរងការខូចខាតបាក់ជើងដែកទ្របង្កាន់ដៃស្ពានអស់១ ចំណែករថយន្តខ្ទេចខាងមុខខាងស្តាំទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីយប់ អធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចខាងលើស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាមុន ពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តឡិចស៊ីស ស៊េរីឆ្នាំ២០០៤ ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AZ-7969 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចមកកើត ។

លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកឡើងលើស្ពាន៧មករាបានបន្តិចក៏រេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសពេញកំហឹង បណ្ដាលឱ្យបង្កាន់ដៃស្ពានរងការបាក់បែកជើងដែកទ្របង្កាន់ដៃស្ពានអស់១ដើម ​ចំណែករថយន្តខ្ទេចផ្នែកខាងមុខខាងស្តាំទៅមុខលែងរួច។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

-->
adverise with khmeread