រថយន្តព្រូសបើកបុកខឿនសួនច្បារក្រឡាប់របួសមនុស្សប្រុសស្រី៤នាក់

ភ្នំពេញ ៖ រថយន្តតូយូតាព្រូសបើកបុកខឿនសួនច្បារបណ្ដាលឱ្យក្រឡាប់ផ្ងារកង់អូសជាច្រើនម៉ែត្ររងរបួសមនុស្សប្រុសស្រីធ្ងន់ស្រាល៤នាក់ កើតឡើងកាលពីវេលាម៉ោង ៣ និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី៣១ ខែមករា ​ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោមកែងផ្លូវសហព័ន្ធរុស្ស៊ីចំណុចមុខ ស្នាក់ការប៉ូលិសចរាចរណ៍ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់រួមដំណើរប្រុសស្រី៣នាក់ទៀតបើករថយន្តតូយូតាព្រូស ពណ៌ក្រហម ស៊េរីឆ្នាំ២០០៥ ពាក់ស្លាក លេខភ្នំពេញ 2BH-6574 ធ្វើដំណើរតាមបណ្ដោយកម្ពុជាក្រោមទិសដៅពីកើតទៅលិច។

ខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឡើងមកផ្លូវសហពន្ធ័រុស្ស៊ីដោយល្បឿនលឿនពេកបួងចង្កូតមិនទាន់ជ្រុលទៅបុកខឿនសួនច្បារពេញទំហឹងបណ្តាលឱ្យបែកបាក់ខឿនថ្មអស់មួយកន្លែង ​ហើយរថយន្តក្រឡាប់ផ្ងារកង់ម្ខាងអូសជាង១០ម៉ែត្រ ​បណ្ដាលឱ្យនារីម្នាក់ និងយុវជនម្នាក់រងរបួសបែកក្បាលឈាមហូរស្រោចខ្លួននិងប្រុសស្រីពីរនាក់ទៀតរបួសស្រាល ត្រូវបានរថយន្តគ្លីនិចឯកជនដឹកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះមកចំណុចកើតហេតុវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌទួលគោករង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

-->
adverise with khmeread