វៀតណាមនឹងផ្តល់ប្រាក់រង្វាន់ដល់ស្ត្រីមានកូន២មុនឈានដល់វ័យ៣៥ ខណៈការព្យាករណ៍ឃើញ៣០ឆ្នាំទៀតវៀតណាក្លាយជាប្រទេសមនុស្សចាស់

ទីក្រុងហូជីមិញនិងតំបន់ចំនួន ២០ ផ្សេងទៀត ដែលមានអត្រាកូនទាប គ្រោងនឹងផ្តល់រង្វាន់ដល់ស្ត្រីដែលមានកូនពីរនាក់ មុនពេលពួកគេមានអាយុ ៣៥ ឆ្នាំ។

សារាចរ ដែលចេញដោយក្រសួងសុខាភិបាលដែលនឹងចូលជាធរមាននៅថ្ងៃទី ១០ ខែមីនា និយាយថា ពួកគេនឹងទទួលបានប្រាក់រង្វាន់ឬអំណោយអាស្រ័យលើកន្លែងដែលពួកគេរស់នៅ។ សារាចរនេះមិនបានបញ្ជាក់ពីតម្លៃនៃរង្វាន់នោះទេ។

អត្រានៃការមានកូននៅភាគខាងត្បូងបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ក្នុងឆ្នាំ ២០១៩ អត្រាមានកូននៅទីក្រុងហូជីមិញបានធ្លាក់ចុះពី ១,៧៦ នាក់ក្នុងស្ត្រីម្នាក់ មកនៅត្រឹម ១,៣៩ នាក់ ធៀបទៅនឹង ២,៧៥នាក់-២,៣៨នាក់ នៅខេត្តហៃតិញនិងខេត្តង៉ែអាន ភាគកណ្តាល។

នៅតាមបណ្តាខេត្តភាគខាងត្បូងដូចជា ដុងថាប់ ហាវយ៉ាង និងបារ៉ៃវុងថូ អត្រាកំណើតគឺ ១,៣៤ នាក់ ១,៥៣ នាក់ និង ១,៣៧ នាក់ ។

អត្រាកំណើតជាតិមានចំនួន ២,០៩ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះគឺទាបជាងអត្រាកំណើតដែលបានឯកភាពជាសកលដើម្បីទ្រទ្រង់ចំនួនប្រជាជន គឺ ២,១ នាក់។

វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានប្រជាជនកំពុងវិវត្តទៅរកវ័យចំណាស់ឆាប់រហ័សបំផុតនៅលើពិភពលោក។ វៀតណាមបានឈានចូលដំណាក់កាលប្រទេសសម្បូរមនុស្សចាស់ក្នុងឆ្នាំ ២០១១ នៅពេលចំនួនមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំមានចំនួន ១០ ភាគរយនៃចំនួនប្រជាជនសរុប។ អត្រានេះបានកើនឡើងដល់ ១២ ភាគរយកាលពីឆ្នាំមុនក្នុងចំណោមប្រជាជន ៩៥ លាននាក់ ហើយរំពឹងកើនឡើងដល់ ១៧,៩ ភាគរយក្នុងឆ្នាំ ២០២៥ និងដល់ជាង ២០ ភាគរយក្នុងឆ្នាំ ២០៣៨ ។

តាមការព្យាករណ៍ ៣០ឆ្នាំទៀតវៀតណាមនឹងប្រែក្លាយទៅជាប្រទេសមនុស្សចាស់។

ការសម្រេចចិត្តមួយដែលចេញកាលពីខែមេសាដោយនាយករដ្ឋមន្រ្តីង្វៀន សួនភុក លើកទឹកចិត្តឱ្យប្រជាជនរៀបការមុនពេលពួកគេមានអាយុ ៣០ ឆ្នាំនិងបង្កើតកូនឱ្យបានឆាប់។ ស្ត្រីគួរមានកូនទីពីរមុនអាយុ ៣៥ ឆ្នាំ៕ ប្រភព ៖ vnexpress

-->
adverise with khmeread