រថយន្តកុងតឺន័រដឹកទំនិញខោអាវជជុះក្បាលគីប ត្រូវភ្លើងឆេះខូចខាតអស់ខោអាវជាច្រើន

ភ្នំពេញ ៖ ទូកុងតឺន័រដឹកទំនិញខោអាវជជុះក្បាលគីប ត្រូវបានភ្លើងឆាបឆេះរងការខូចខាតអស់មួយចំនួនធំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃអាទិត្យទី៣១ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលេខ២៩០ កែងផ្លូវលេខ២០៥នៅក្នុង សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។

បើតាមសម្តីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានប្រាប់ថា ដំបូងគេឃើញរថយន្តកុងតឺន័រក្បាលពណ៌បៃតង ពាក់ស្លាកលេខតាកែវ 3A-1016 បានបើកមកឈប់នៅមុខផ្ទះកន្លែងកើតហេតុខាងលើហើយក៏បើកទូកុងតឺន័រដើម្បីទម្លាក់ខោអាវជជុះក្បាលគីបចេញ។

 ខណៈកម្មករកំពុងតែទម្លាក់ខោអាវក្បាលគីបក្នុងទូកុងតឺន័រ ក៏ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះនៅខាងក្នុងទូកុងតឺន័រធ្វើឱ្យកម្មកររត់ចុះចែកជើងគ្នា និងតៃកុងរថយន្តកុងតឺន័រ បានដោះក្បាលរថយន្តបើកចេញកុំឱ្យភ្លើងឆាបឆេះដល់ទាន់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុបាញ់ទឹកពន្លត់។

ភ្លាមនោះមានរថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុចំនួន ២គ្រឿងបានប្រើប្រាស់ទឹកអស់ចំនួន ៤ឡានទើបរលត់ទៅវិញនៅវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ ការខូចខាតគឺឆេះខោអាវអស់មួយចំនួនធំ។ ចំពោះមូលហេតុ បើតាមសម្ដីម្ចាស់ទំនិញបានប្រាប់ថា ទូកុងតឺន័រគឺនៅថ្ងៃទី២៩ មករា ២០២១ ម៉ោង១២ និង៤០នាទីរំលងអធ្រាត្រគឺឆេះនៅផ្លូវលេខ៣៥៨, ពេលនោះទូកុងតឺន័រនេះគឺដាក់មុខឃ្លាំងដែលឆេះយ៉ាងសន្ធោសន្ធៅនោះ។

ក្រោយមកក៏យកទៅរក្សាទុកនៅដីឡូត៍ខាងវាលស្បូវបានរយៈពេល ៣ថ្ងៃ ទើបយកចេញពីវាស្បូវមកដាក់នៅកន្លែងកើតហេតុខាងលើនេះ ដើម្បីទម្លាក់ខោអាវចេញពីទូកុងតឺន័រ ទំនងហប់និងក្តៅជាហេតុធ្វើឱ្យឆេះតិចៗរហូតដល់ថ្ងៃកើតហេតុ ទើបមានអណ្តាតភ្លើងឆាបឆេះបែបនេះទៅវិញ។ ក្នុងហេតុការណ៍នេះមិនឆេះរាលដាលដល់ទ្រព្យសម្បត្តិអ្នកដទៃឬក៏រងរបួសគ្រោះថ្នាក់ដល់មនុស្សនោះទេ៕

-->
adverise with khmeread