ឃាត់ជនសង្ស័យម្នាក់គាស់ទម្លុះទម្លាយចម្រឹងបង្អួចលួចយកទ្រព្យសម្បត្តិក្នុងផ្ទះ ពេលម្ចាស់ទៅស្រុកធ្វើបុណ្យ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ខណៈកំពុងគាស់ទម្លុះទម្លាយចម្រឹងបង្អួចលួចយកទ្រព្យសម្បត្តិក្នុងផ្ទះ ពេលម្ចាស់ទៅស្រុកធ្វើបុណ្យកើតឡើងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២ ត្រង់ចំណុចផ្ទះលេខ០៧ ផ្លូវKS ០៣ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ អ៊ុក គន្ធា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ០៧ ផ្លូវKS ០៣  ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យឈ្មោះ សាន សៀម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក លិខិតឆ្លងដែន(កម្ពុជា) ចំនួន៣១ក្បាល, កូនសោចំនួន៥, ទួណឺវីសចំនួន១, កុំព្យូទ័រម៉ាក ASUS ១ គ្រឿង , កាបូបស្ពាយពណ៌ខ្មៅ១, ដែកជ្រុងចុងសំប៉ែតស្រួច១, កាបូបតូចចំនួន ២, ទូរស័ព្ទដៃម៉ាកOPPOពណ៌ទឹកមាសចំនួន១។

ប៉ូលិសបន្តថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩ ជនរងគ្រោះឈ្មោះ អ៊ុក គន្ធា ភេទប្រុស អាយុ៣២ឆ្នាំ បានបិទទ្វារផ្ទះលេខ៧ ផ្លូវKS ០៣ បុរីពិភពថ្មីគួរស្រូវ៣ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយចាក់សោទ្វារផ្ទះត្រឹមត្រូវ រួចបានចេញទៅខេត្តតាកែវ ដើម្បីចូលរួមពិធីបុណ្យសពបងប្អូនដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ 

រហូតដល់វេលាម៉ោង ១២​ ថ្ងៃខែឆ្នាំដដែល ជនសង្ស័យឈ្មោះ សាន សៀម ភេទប្រុស អាយុ៣៩ឆ្នាំ បានមកធ្វើសកម្មភាពគាស់ចម្រឹងបង្អួចផ្ទះរបស់ជនរងគ្រោះផ្នែកខាងក្រោយ រួចលូនចូលទៅក្នុងផ្ទះលួចយកកាបូបស្ពាយពណ៌ខ្មៅចំនួន១ ហើយនៅក្នុងកាបូបនោះមាន លិខិតឆ្លងដែន (កម្ពុជា) ចំនួន៣១ក្បាល និង កុំព្យូទ័រម៉ាក ASUS ១ គ្រឿង ហើយក៏បានលូនចេញមកវិញហើយផ្លោះរបងចេញមកខាងក្រៅវិញ។ 

ពេលនោះកម្លាំងប៉ូលិសប៉ុស្តិ៍រលួសបានជិះម៉ូតូ២គ្រឿងល្បាតក្នុងភូមិសាស្រ្ត មានគ្នា៤នាក់ ដល់ចំណុចបុរីពិភពថ្មីគួរស្រូវ៣ ខាងលើក៏បានឃើញជនសង្ស័យកំពុងផ្លោះរបងចេញពីផ្ទះជនរងគ្រោះ សមត្តកិច្ចមានការសង្ស័យ ក៏បានហៅឱ្យឈប់រួចធ្វើការត្រួតពិនិត្យ ឃើញមាន  ១.  លិខិតឆ្លងដែន (កម្ពុជា) ចំនួន៣១ក្បាល, ២.  កូនសោចំនួន៥, ៣.  ទួណឺវីសចំនួន១, ៤. កុំព្យូទ័រម៉ាក ASUS ១ គ្រឿង, ៥.កាបូបស្ពាយពណ៌ខ្មៅ១, ៦. ដែកជ្រុងចុងសំប៉ែតស្រួច១, ៧.ការបូបតូចចំនួន ២, ៨.ទូរស័ព្ទដៃម៉ាក OPPO ពណ៌ទឹកមាសចំនួន១ ហើយសមត្តកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនៅ អធិការដ្ឋានខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្តង។ 

ក្រោយធ្វើការសាកសួរជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្តកិច្ចថា ​រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពគាស់ចម្រឹងបង្អួចផ្ទះរបស់ជនរងគ្រោះលួចយកទ្រព្យសម្បត្តិប្រាកដមែន៕

-->
adverise with khmeread